បរទេស៖ បញ្ជាការការពារដែនអាកាសអាមេរិក ខាងជើង (NORAD) បាននិយាយថា យន្តហោះចម្បាំង F-16 របស់អាមេរិកបានបាញ់ទម្លាក់ “វត្ថុនៅលើអាកាស” នៅលើ Lake Huron ក្នុងរដ្ឋ Michigan កាលពីថ្ងៃអាទិត្យ។ នេះគឺជាការទម្លាក់គ្រាប់បែកលើកទី៤ហើយ ក្នុងរយៈពេល៨ថ្ងៃ ហើយបន្ទាប់ពីការចោទប្រកាន់ ពីទីក្រុងវ៉ាស៊ីនតោនថា ប្រទេសចិន បានហោះហើរបាឡុង “ឃ្លាំមើល” ឬ ចារកម្ម លើទឹកដីរបស់ខ្លួន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថាយោងតាម NORAD វត្ថុនោះកំពុងធ្វើដំណើរក្នុងកម្ពស់ ២ម៉ឺនហ្វីត ( ៦ ០៩៦ ម៉ែត្រ) ហើយត្រូវបានចាប់បានជាលើកដំបូង ដោយរ៉ាដាពីលើរដ្ឋ ម៉ុនតាណា នៅពេលដែលវាបានហោះ “នៅជិតទីតាំង DOD “។ ម៉ុនតាណាគឺជាកន្លែងសម្រាប់ផ្ទុកស៊ីឡូមីស៊ីលខាងក្រោមដី ជាច្រើនរបស់ប្រទេស។ NORAD ក៏បាននិយាយដែរថា វត្ថុនោះបានបង្កការគំរាមកំហែង ដល់អាកាសចរណ៍ស៊ីវិល។
យើងមិនបានវាយតម្លៃថាវាជាការគំរាមកំហែង ផ្នែកយោធាចំពោះអ្វីទាំងអស់ នៅលើដីនោះទេ ប៉ុន្តែវាយតម្លៃថាវាជាគ្រោះថ្នាក់ នៃការហោះហើរសុវត្ថិភាព និងការគំរាមកំហែងដោយសារតែសមត្ថភាពឃ្លាំមើល ដ៏មានសក្តានុពលរបស់វា។
កាលពីថ្ងៃទី៤ ខែកុម្ភៈ សហរដ្ឋអាមេរិកបានបាញ់ទម្លាក់បាឡុងរបស់ចិន នៅឯឆ្នេរសមុទ្រនៃរដ្ឋ South Carolina បន្ទាប់ពីវាបានធ្វើដំណើរអស់រយៈពេល៨ថ្ងៃ ឆ្លងកាត់សហរដ្ឋអាមេរិក។ ក្រោយមកមន្ត្រីអាមេរិក ត្រូវបានដកស្រង់សម្តីដោយនិយាយថា ឧបករណ៍ដែលមានសមត្ថភាពប្រមូលព័ត៌មាន ពីដីត្រូវបានរកឃើញនៅក្នុងកំទេចកំទីរបស់បាឡុង ដែលត្រូវបានបាញ់ទម្លាក់នោះ៕ ប្រែសម្រួលៈ ណៃ តុលា