ព័ត៌មានអន្តរជាតិ

យន្តហោះចម្បាំងរបស់អ៊ីស្រាអ៊ែល ទម្លាក់គ្រាប់បែកទៅលើទីតាំងយោធា នៅតំបន់ហ្គាហ្សាស្ទ្រីប ឆ្លើយតបទៅនឹងការបាញ់បង្ហោះគ្រាប់រ៉ុក្កែត ចេញពីតំបន់គ្រប់គ្រងរបស់ប៉ាឡេស្ទីន

ហ្គាហ្សា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ថា យន្តហោះចម្បាំង របស់អ៊ីស្រាអ៊ែល បានទម្លាក់គ្រាប់បែកលើទីតាំងយោធា១កន្លែង នៅតំបន់ហ្គាហ្សាស្ទ្រីប កាលពីព្រឹកថ្ងៃចន្ទ ដែលនេះជាការឆ្លើយតបទៅ នឹងការបាញ់បង្ហោះគ្រាប់រ៉ុក្កែតចេញពីតំបន់ក្របខណ្ឌប៉ាឡេស្ទីន កាលពីថ្ងៃសៅរ៍ ។


ការផ្ទុះជាច្រើនត្រូវបានឮនៅក្នុងតំបន់ដាច់ដោយឡែកពីគ្នានៃតំបន់ឆ្នេរសមុទ្រដែលជាផ្ទះរបស់ប្រជាជនប៉ាឡេស្ទីនជាង២លាននាក់ ។ សាក្សីបានឃើញរថយន្តសង្គ្រោះបន្ទាន់ និងក្រុមការពារជនស៊ីវិលធ្វើដំណើរទៅកន្លែងបំផ្ទុះគ្រាប់បែក ។

អ្នកនាំពាក្យកងទ័ពអ៊ីស្រាអ៊ែលបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប៉ុស្តិ៍ក្រោមដីផលិតវត្ថុធាតុ ដើមសម្រាប់ ផលិតមីស៊ីល ហើយត្រូវបានគ្រប់គ្រងដោយក្រុមហាម៉ាស់ ។

នៅក្នុងសេចក្តីថ្លែងការណ៍បានដាក់ថា “ការវាយប្រហារតាមអាកាសបានធ្វើឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ សមត្ថភាពរបស់ក្រុមហាម៉ាស់ក្នុងការពង្រឹង និងបំពាក់អាវុធដោយខ្លួនឯង” ។

គួររំលឹកថា កាលពីយប់ថ្ងៃសៅរ៍ កងទ័ពអ៊ីស្រាអ៊ែលបានឲ្យដឹងថា ខ្លួនបានរកឃើញ និងស្ទាក់ចាប់គ្រាប់រ៉ុក្កែតមួយ ដែលបានបាញ់ចេញពីតំបន់ហ្គាហ្សា ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top