ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ថា ប្រទេសចិន បាននិយាយ នៅថ្ងៃចន្ទនេះថា បាល់ឡុងហោះដែលមានរយៈកម្ពស់ខ្ពស់របស់សហរដ្ឋអាមេរិក បានហោះហើរពីលើដែន អាកាសរបស់ខ្លួនដោយគ្មាន ការអនុញ្ញាតលើសពី១០ដងចាប់តាំងពីដើមឆ្នាំ២០២២ ដែលនេះធ្វើឲ្យបង្កើនជម្លោះការទូត បន្ទាប់ពីយោធាអាមេរិកបានបាញ់ទម្លាក់ អ្វីដែលខ្លួននិយាយថា ជាចារកម្មរបស់ចិន ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានលើកឡើងនៅក្នុងសន្និសីទកាសែតប្រចាំនៅទីក្រុងប៉េកាំង ថា “ចាប់តាំងពីឆ្នាំមុនមក បាល់ឡុងហោះដែលមានរយៈ កម្ពស់ខ្ពស់របស់សហរដ្ឋអាមេរិក បានឆ្លងកាត់ការហោះហើរខុស ច្បាប់ ច្រើនជាង១០ដង ចូលទៅក្នុងដែនអាកាសរបស់ចិន ដោយគ្មានការយល់ព្រមពីនាយកដ្ឋានពាក់ព័ន្ធរបស់ចិន ឡើយ” ។
លោក Wang មិនបានពណ៌នាជាក់លាក់ថា បាល់ឡុងនោះហោះក្នុងគោលបំណងយោធា ឬចារកម្មទេ ហើយក៏មិនបាន ផ្តល់ព័ត៌មាន លម្អិតបន្ថែមទៀតដែរ ។
នៅគ្រាសួរថាតើប្រទេសចិន បានឆ្លើយតបយ៉ាងណាចំពោះការលុកលុយបែបនេះចូលទៅក្នុងដែនអាកាសរបស់ខ្លួន លោក Wang បានលើកឡើងថា ការឆ្លើយតបរបស់ខ្លួនគឺ “ទទួលខុសត្រូវ និងប្រកបដោយវិជ្ជាជីវៈ” ។
ក្រសួងការពារជាតិអាមេរិកមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនៅឡើយទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា