ព័ត៌មានអន្តរជាតិ

ចិន អះអាងថា អាមេរិកក៏ធ្លាប់បានបង្ហោះបាឡុង រយៈកំពស់ខ្ពស់ជាច្រើនលើក លើទឹកដីចិនដែរ

បរទេស៖ យោងតាមការបញ្ជាក់របស់ មន្ត្រីជាន់ខ្ពស់នៃប្រទេសចិន កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថា សហរដ្ឋអាមេរិកធ្លាប់បានធ្វើការបង្ហោះ បាឡុងរយៈកំពស់ខ្ពស់ និងរំលោភលើដែនអធិបតេយ្យភាពរបស់ចិន មិនតិចជាង១០ដងនោះទេ គិតចាប់តាំងតែពីខែមករា ឆ្នាំ២០២២មកម្ល៉េះ។

ការលើកឡើងរបស់ចិន ពេលនេះធ្វើឡើងបន្ទាប់ពីមាន ការបាញ់ទំលាក់បាឡុងស្រាវជ្រាវមួយ របស់ចិននៅពីលើរដ្ឋការ៉ូលីណាខាងជើង ពីសំណាក់សហរដ្ឋអាមេរិក ហើយទីក្រុងវ៉ាស៊ិនតោនបានចោទប្រកាន់ចិនទៀតថា បានធ្វើការបង្ហោះបាឡុងដើម្បីស៊ើបយកការណ៍ ពីលើប្រជាជាតិជាច្រើនក្នុងទ្វីបចំនួន៥។

លោក Wang Wenbin អ្នកនាំពាក្យរបស់ក្រសួងការបរទេសចិន នៅក្នុងពិធីជំនួបជាប្រចាំថ្ងៃមួយ បានធ្វើការឆ្លើយតបទៅនឹង ក្រុមអ្នកកាសែតលោកខាងលិចថា ការបាញ់ទំលាក់បាឡុងរបស់ចិន ដោយអាមេរិកគឺជាសកម្មភាព ប្រតិបត្តិកម្មខ្លាំងជ្រុលពេកហើយ របស់អាមេរិកប៉ុន្តែរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន គួរតែគិតថា តាមពិតខ្លួនឯងនោះទេ ដែលជាអ្នកជំនាញក្នុងការឃ្លាំមើល និងស៊ើបអង្កេតទៅលើបណ្តាប្រទេសផ្សេងទៀត បូករួមទាំងសម្ព័ន្ធមិត្តផង៕

ប្រែសម្រួល៖ ស៊ុន លី

To Top