ព័ត៌មានអន្តរជាតិ

ការបំផ្ទុះ បំពង់បង្ហូរឧស្ម័ន Nord Stream ដោយអាមេរិក ជាសង្រ្គាមសេដ្ឋកិច្ច ប្រឆាំងនឹងសម្ព័ន្ធមិត្តអឺរ៉ុប

ស្ដុកហូម៖ អ្នកជំនាញស៊ុយអែតបានឲ្យដឹងថា ការពិតដែលកងទ័ពជើងទឹកអាមេរិក បានចូលរួមនៅក្នុងការផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream កាលពីឆ្នាំមុន ដូចដែលបានរកឃើញដោយអ្នកកាសែតស៊ើបអង្កេតជនជាតិអាមេរិកលោក Seymour Hersh គឺជា “សង្រ្គាមសេដ្ឋកិច្ច” ប្រឆាំងនឹងសម្ព័ន្ធមិត្ត ដែលចុះចូលនៅអឺរ៉ុប។

លោក Jan Oberg នាយកមូលនិធិឆ្លងដែនសម្រាប់សន្តិភាព និងការស្រាវជ្រាវអនាគត បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយស៊ីនហួថា “ពិតណាស់ Nord Stream ត្រូវបានបំផ្ទុះដោយសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក និងណាតូ (អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង)”។

លោក Hersh ដែលជាអ្នកឈ្នះរង្វាន់ Pulitzer បានលើកឡើងថា អ្នកមុជទឹកកងទ័ពជើងទឹកសហរដ្ឋអាមេរិក ដែលប្រតិបត្តិការក្រោមគម្របនៃសមយុទ្ធពាក់កណ្តាលរដូវក្តៅ NATO ដែលត្រូវបានគេស្គាល់ថា BALTOPS 22 បានដាក់គ្រឿងផ្ទុះពីចម្ងាយកាលពីខែមិថុនា ឆ្នាំមុន ដោយសហការជាមួយប្រទេសន័រវេស ដែលបានបំផ្លាញបំពង់បង្ហូរឧស្ម័ Nord ចំនួន៣ ក្នុងចំណោម៤ និងបំពង់ស្ទ្រីមបីខែក្រោយមកទៀត។

លោកបានលើកឡើងថា “ការវិភាគដ៏ល្អរបស់លោក Seymour Hersh ប្រាប់ពីរបៀបដែលការបំផ្លិចបំផ្លាញត្រូវបានគ្រោងទុក និងត្រូវបានធ្វើ ប៉ុន្តែការសន្និដ្ឋានគឺមិនគួរឱ្យភ្ញាក់ផ្អើលនោះទេថា សហរដ្ឋអាមេរិក ដោយមានជំនួយពីន័រវេសដ៏សំខាន់ បានប្រព្រឹត្តបទឧក្រិដ្ឋប្រឆាំងនឹងប្រទេសជាមិត្ត សម្ព័ន្ធមិត្ត អាល្លឺម៉ង់ និងបណ្តាប្រទេសអឺរ៉ុបផ្សេងទៀត” ។

លោកបានបន្ថែមថា “រួមជាមួយនឹងទណ្ឌកម្មសេដ្ឋកិច្ចដែលមិនមានការពិចារណា និងមិនចេះចប់ ប្រឆាំងនឹងរុស្ស៊ី ការបំផ្ទុះនៃបំពង់ឧស្ម័ន Nord Stream ដោយសហរដ្ឋអាមេរិក បានបង្កឱ្យមានផលប៉ះពាល់យ៉ាងធំធេង និងកកកុញដល់សេដ្ឋកិច្ចរបស់ពលរដ្ឋអឺរ៉ុបរួចហើយ”។

លោក Oberg បានលើកឡើងថា “ស្ថានភាពបច្ចុប្បន្នគឺមានគ្រោះថ្នាក់ខ្លាំងណាស់៖ យើងរស់នៅក្នុងគ្រាដែលត្រូវបានកំណត់លក្ខណៈជាមូលដ្ឋានដោយការរំសាយអាវុធបញ្ញា និងសីលធម៌ គួបផ្សំជាមួយនឹងគ្រឿងសព្វាវុធយោធាដ៏ធំសម្បើម ជាមួយនឹងយោធានិយមជាចម្លើយតែមួយគត់ចំពោះបញ្ហា”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top