តៃប៉ិ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ថា ក្រសួងការពារជាតិ របស់កោះ បានឲ្យដឹងនៅថ្ងៃអង្គារនេះថា កោះតៃវ៉ាន់មិនបានឃើញប៉េងប៉ោងស៊ើបការណ៍ណាមួយពីប្រទេសចិន នៅក្នុងបរិវេណរបស់ខ្លួននោះទេ ដោយសារតែជម្លោះរវាងចិន និងសហរដ្ឋអាមេរិក លើបាល់ឡុងចារកម្មបង្កឱ្យមានការ ព្រួយបារម្ភអំពីការកើនឡើងភាពតានតឹងផ្នែកយោធា ។
គួររំលឹកថា យោធាអាមេរិកកាលពីថ្ងៃទី៤ ខែកុម្ភៈ បានបាញ់ទម្លាក់អ្វីដែលខ្លួនហៅថា បាល់ឡុងចារកម្មរបស់ចិន នៅឯឆ្នេរសមុទ្រនៃរដ្ឋ South Carolina ។
ប្រទេសចិនបានឲ្យដឹងថា បាល់ឡុងនេះគឺជាយានស្រាវជ្រាវជនស៊ីវិល ដែលបានបំផ្ទុះខុសបច្ចេកទេស ហើយកាលពីថ្ងៃចន្ទ ខ្លួនបានចោទប្រកាន់សហរដ្ឋអាមេរិកថា បានបញ្ជូនបាល់ឡុងចារកម្មឆ្លងកាត់ប្រទេសចិន ។ សហរដ្ឋអាមេរិកបានបដិសេធ ។
មន្ត្រីចារកម្មយោធាកោះតៃវ៉ាន់ម្នាក់បានលើកឡើងថា កងកម្លាំងប្រដាប់អាវុធមិនបានឃើញបាល់ឡុងឃ្លាំមើល ណាមួយពីប្រទេសចិននៅជិតកោះនេះទេ ដែលស្រដៀងនឹងការបាញ់ទម្លាក់លើសហរដ្ឋអាមេរិកនោះទេ ។
នាយឧត្តមសេនីយ៍ Huang Wen-chi បានប្រាប់ដល់សន្និសីទខ្លីមួយនៅទីក្រុងតៃប៉ិថា “បាល់ឡុងហោះភាគច្រើន នៅជិតទឹកដីរបស់យើងត្រូវបាន ប្រើប្រាស់សម្រាប់គោលបំណងឧតុនិយម” ។
លោកបានលើកឡើងថា យោធានឹងបំផ្លាញបាល់ ឡុងណាមួយដែលចូលទៅ ជិតទឹកដីរបស់កោះតៃវ៉ាន់ ដែលបង្ក “ការគំរាមកំហែងសន្តិសុខ” ប៉ុន្តែមិនមានសកម្មភាពបែបនេះចាំបាច់នោះទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា