ព័ត៌មានអន្តរជាតិ

ព្យុះស៊ីក្លូន Gabrielle បង្កជាគ្រោះទឹកជំនន់ វាយប្រហារភាគខាងជើង ប្រទេសណូវែលសេឡង់ បង្ខំឲ្យអ្នកស្រុកហែលទឹក ស្វែងរកទីសុវត្ថិភាព

បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ថា អ្នកស្រុកត្រូវបានបង្ខំ ឱ្យហែលទៅកាន់ទីសុវត្ថិភាព ពីផ្ទះលិចទឹកក្នុងប្រទេសណូវែលសេឡង់ បន្ទាប់ពីព្យុះស៊ីក្លូន Gabrielle បានបោកបក់ភាគខាងជើង នៃប្រទេសនេះ។
រដ្ឋាភិបាលបានប្រកាស ដាក់ប្រទេសក្នុងភាពអាសន្ន នៅថ្ងៃអង្គារនេះដោយសារតែការបំផ្លិចបំផ្លាញ របស់ព្យុះនេះ ដែលនេះជាលើកទី៣ ក្នុងប្រវត្តិសាស្ត្រ ដែលព្យុះនេះបានធ្វើបោកបក់ ។

នាយករដ្ឋមន្ត្រី Chris Hipkins ថ្លែងថា គ្រោះមហន្តរាយនេះ គឺជាព្រឹត្តិការណ៍អាកាសធាតុដ៏ធំបំផុត របស់ប្រទេសណូវែលសេឡង់ ក្នុងរយៈពេល១សតវត្សមកនេះ ។

ក្រុមមន្ត្រីបានឲ្យដឹងថា យ៉ាងហោចណាស់ មនុស្ស២២៥.០០០នាក់ គ្មានថាមពលអគ្គីសនីប្រើប្រាស់ នៅថ្ងៃអង្គារនេះ ។

អ្នកពន្លត់អគ្គិភ័យម្នាក់នៅតែបាត់ខ្លួន បន្ទាប់ពីត្រូវបានរអិលធ្លាក់ នៅក្នុងពេលមានគ្រោះបាក់ដី កើតឡើងនៅក្នុងក្រុង Muriwai ភាគខាងលិចនៃទីក្រុង Auckland ។ ភ្នាក់ងារសង្គ្រោះបានឲ្យដឹងថា អ្នកពន្លត់អគ្គិភ័យទី២ ដែលពាក់ព័ន្ធបានរងរបួសធ្ងន់ធ្ងរ ។

ការបំផ្លិចបំផ្លាញរបស់ព្យុះនេះគឺខ្លាំងក្លាបំផុត នៅក្នុងសហគមន៍ឆ្នេរសមុទ្រនៅភាគខាងជើង ដែលនៅដាច់ស្រយាល និងឆ្នេរសមុទ្រភាគខាងកើតនៃកោះខាងជើង និងតំបន់ Hawke’s Bay, Coromandel និង Northland ក្នុងចំណោមតំបន់ ដែលរងគ្រោះខ្លាំងបំផុត ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top