ព័ត៌មានអន្តរជាតិ

ចិន ​ប្រឆាំង​អាមេរិក ​ដែល​ដាក់​អង្គភាព​ចិន ​ក្នុង​បញ្ជី​ត្រួតពិនិត្យ​ការ​នាំចេញ

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បានឲ្យដឹងថា ប្រទេសចិន ប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះការ ផ្លាស់ប្តូររបស់សហរដ្ឋអាមេរិក ក្នុងការដាក់អង្គភាពរបស់ចិនចំនួន៦ នៅក្នុងបញ្ជីត្រួតពិនិត្យការនាំចេញរបស់ខ្លួន នៅលើមូលដ្ឋានដែលគេហៅថា ការគាំទ្រដល់កម្មវិធីអវកាសរបស់ប្រទេសចិន ដូចជាបាឡុងយោធា។

អ្នកនាំពាក្យរូបនេះបានលើកឡើងថា អស់រយៈពេលជាយូរមកហើយ សហរដ្ឋអាមេរិក បានរំលោភលើវិធានការ ត្រួតពិនិត្យការនាំចេញ ដើម្បីគៀបសង្កត់ក្រុមហ៊ុននៃប្រទេសផ្សេងៗ និងរំខានដល់ការផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្មជាប្រចាំ។

អ្នកនាំពាក្យរូបនេះបានបន្ដថា សកម្មភាពទាំងនេះប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុន ដែលរងផលប៉ះពាល់ បំផ្លាញសន្តិសុខ និងស្ថិរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក និងរារាំងការងើបឡើងវិញ និងកំណើនសេដ្ឋកិច្ចពិភពលោក។

អ្នកនាំពាក្យបានបន្ថែមថា ប្រទេសចិនជំរុញឱ្យភាគីសហរដ្ឋអាមេរិក បញ្ឈប់ការគាបសង្កត់ដោយ គ្មានមូលដ្ឋានលើក្រុមហ៊ុនចិន ដោយបន្ថែមថា ប្រទេសនេះនឹងចាត់វិធានការ ចាំបាច់ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ របស់ក្រុមហ៊ុនរបស់ខ្លួន ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top