គៀវ៖ សារព័ត៌មានប្រធានាធិបតី អ៊ុយក្រែន បានឲ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានជួបជាមួយរដ្ឋមន្ត្រី ការបរទេសកាណាដា លោកស្រី Melanie Joly ដែលធ្វើទស្សនកិច្ច ដើម្បីពិភាក្សា អំពីកិច្ចសហប្រតិបត្តិការ រវាងប្រទេសរបស់ពួកគេក្នុងវិស័យសន្តិសុខ និងការពារជាតិ ។
ក្នុងអំឡុងកិច្ចពិភាក្សា លោក ហ្សេឡិនស្គី បានថ្លែងអំណរគុណដល់ប្រទេសកាណាដា សម្រាប់ការគាំទ្រ និងជំនួយរបស់ខ្លួនដល់អ៊ុយក្រែន ចំពេលមានជម្លោះជាមួយរុស្ស៊ី ដោយសង្កត់ធ្ងន់លើសារៈសំខាន់ នៃការសម្រេចចិត្តផ្តល់ រថក្រោះប្រយុទ្ធ Leopard។
លោក ហ្សេឡិនស្គី ក៏បានពន្យល់ប្រាប់លោកស្រី Joly អំពីតម្រូវការអាទិភាពបច្ចុប្បន្នរបស់យោធាអ៊ុយក្រែនផងដែរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក ហ្សេឡិនស្គី បានសង្កត់ធ្ងន់ថា “ការគាំទ្ររបស់អ្នក ចំពោះកងទ័ពអ៊ុយក្រែន គឺមានតម្លៃមិនអាចកាត់ថ្លៃ បាននៅក្នុងគ្រាដ៏ច្របូកច្របល់ ទាំងនេះសម្រាប់យើង” ។
នៅក្នុងជំនួបនោះ លោក ហ្សេឡិនស្គី និងលោកស្រី Joly បានផ្លាស់ប្តូរទស្សនៈរបស់ពួកគេលើរូបមន្តសន្តិភាព ស្តីពីការបញ្ចប់ជម្លោះរុស្ស៊ី-អ៊ុយក្រែន និងនិយាយអំពីការកសាងឡើងវិញ ក្រោយជម្លោះ របស់អ៊ុយក្រែន ។ ភាគីនានាក៏បានពិភាក្សាអំពីលទ្ធភាព សម្រាប់អ៊ុយក្រែនក្នុងការ ចូលរួមជាមួយអង្គការ សន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ៕
ប្រែសម្រួល ឈូក បូរ៉ា