បរទេស៖ រដ្ឋាភិបាលជប៉ុនបាននិយាយថា ខ្លួនសង្ស័យយ៉ាងខ្លាំងថា ប្រទេសចិននៅពីក្រោយការលុកលុយដែនអាកាសបីដាច់ដោយឡែកពីគ្នាចន្លោះឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២១ ដោយអះអាងថា ទីក្រុងប៉េកាំងអាចនឹងបញ្ជូនបាឡុងស៊ើបការណ៍លើទឹកដីខ្លួនដើម្បីប្រមូលព័ត៌មាន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រសួងការពារជាតិជប៉ុនបាន បញ្ចេញការចោទប្រកាន់នេះជាលើកដំបូងក្នុងអំឡុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារ ដែលក្នុងនោះប្រធាន ខុទ្ទកាល័យលោក Hirokazu Matsuno បានប្រាប់អ្នកសារព័ត៌មានថា ការឈ្លានពានពីមុនជាច្រើនទំនង ជាធ្វើឡើងដោយទីក្រុងប៉េកាំង។
លោក Matsuno បាននិយាយថា “ជាលទ្ធផលនៃការស៊ើបអង្កេតបន្ថែមទៀតនៃវត្ថុហោះ រាងដូចបាឡុងដែលត្រូវបាន បញ្ជាក់នៅក្នុងដែនអាកាសរបស់ប្រទេសជប៉ុននាពេលកន្លងមក វាត្រូវបានគេសង្ស័យយ៉ាងខ្លាំងថា វាជាបាឡុងឃ្លាំមើល គ្មាន មនុស្សបើកពីប្រទេសចិន” ។ លោក Matsuno បានកត់សម្គាល់ថា មន្ត្រីជប៉ុនបានទាក់ទងទៅសមភាគីចិន ដើម្បីព្រមានប្រឆាំងនឹងការបំពាននាពេលអនាគត។
ក្រសួងបាននិយាយថា វត្ថុត្រូវបានរកឃើញនៅក្នុងខែវិច្ឆិកា ឆ្នាំ ២០១៩ ខែមិថុនា ឆ្នាំ ២០២០ និងម្តងទៀតនៅក្នុងខែកញ្ញា ឆ្នាំ ២០២១ ហើយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយបានប្តេជ្ញាថានឹង “ដាក់ការខិតខំប្រឹងប្រែងបន្ថែមទៀត នៅក្នុងសកម្មភាព ប្រមូលព័ត៌មាន និងឃ្លាំមើលប្រឆាំងនឹងបាឡុង រួមទាំងឧបករណ៍គ្មានមនុស្សបើកសម្រាប់ចារកម្មបរទេស” ៕
ប្រែសម្រួលៈ ណៃ តុលា