ព័ត៌មានអន្តរជាតិ

Update៖ UN អំពាវនាវសុំឲ្យមានជំនួយមនុស្សធម៌ ដែលមានទឹកប្រាក់៣៩៧លានដុល្លារ សម្រាប់ជួយដល់ជនស៊ីវិល ដែលរងគ្រោះ ដោយរញ្ជួយដីនៅស៊ីរី

អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ថា កាលពីថ្ងៃអង្គារ លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN)បានប្រកាសថា ស្ថាប័នពិភពលោកកំពុងចាប់ផ្តើម ធ្វើការអំពាវនាវ ជំនួយ មនុស្សធម៌ ដែលមានទឹកប្រាក់ចំនួន៣៩៧លានដុល្លារអាមេរិក សម្រាប់ប្រជាជនស៊ីរីដែលរងគ្រោះ ដោយគ្រោះរញ្ជួយដី ។

លោក Guterres បានប្រាប់ដល់អ្នកយកព័ត៌មានថា “នេះនឹងប្រើរយៈពេល៣ខែ” ដោយលោកបានថ្លែងទៀតថា “យើងស្ថិតនៅក្នុងដំណាក់កាលចុងក្រោយនៃការស្នើដូចគ្នាដែរសម្រាប់ប្រទេសតួកគី” ។

លោក Guterres បានថ្លែងថា កិច្ចខិតខំប្រឹងប្រែងសម្រាប់ស៊ីរីនាំមកនូវប្រព័ន្ធអង្គការសហប្រជាជាតិទាំងមូល និងដៃគូមនុស្សធម៌ ហើយនឹងជួយធានាបាននូវជំនួយសង្គ្រោះជីវិតដែលចាំបាច់បំផុតសម្រាប់ប្រជាជនស៊ីរីជិត៥លាននាក់ រួមទាំងទីជម្រក ការថែទាំសុខភាព អាហារ និងការការពារ ។

លោកបានកត់សម្គាល់ថា “មធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតដើម្បីឈរជាមួយប្រជាជន គឺដោយការផ្តល់មូលនិធិ សង្គ្រោះបន្ទាន់នេះ” ។

គួររំលឹកថា គ្រោះរញ្ជួយដីដ៏ខ្លាំង និងការរញ្ជួយដីបន្តបន្ទាប់បានវាយប្រហារទីក្រុងរបស់ប្រទេសតួកគី និងប្រទេសជិតខាង គឺស៊ីរីកាលពីថ្ងៃទី៦ ខែកុម្ភៈកន្លងទៅនេះ ដោយចំនួនអ្នកស្លាប់បានកើនឡើងដល់ជាង៣៥.០០០ នាក់គិតត្រឹមថ្ងៃចន្ទ ។

បន្ទាប់ពីការរញ្ជួយដីភ្លាមៗ អង្គការសហប្រជាជាតិបានផ្តល់ប្រាក់៥០លានដុល្លារភ្លាមផងដែរ តាមរយៈមូលនិធិឆ្លើយតប គ្រោះអាសន្នកណ្តាល ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top