ព័ត៌មានអន្តរជាតិ

អ៊ីតាលី អំពាវនាវឱ្យចិន ដាក់សម្ពាធលើ ប្រទេសរុស្ស៊ី ជុំវិញបញ្ហា នៅអ៊ុយក្រែន

បរទេស ៖ រដ្ឋមន្ត្រីការបរទេសអ៊ីតាលីលោក Antonio Tajani កាលពីថ្ងៃព្រហស្បតិ៍ បានអំពាវនាវដល់សមភាគីចិន លោក Wang Yi ដែលកំពុងបំពេញ ទស្សនកិច្ចនៅទីក្រុងរ៉ូម ឱ្យដាក់សម្ពាធលើប្រទេសរុស្ស៊ី ឱ្យស្វែងរក “សន្តិភាព” នៅអ៊ុយក្រែន ។

យោងតាមទីភ្នាក់ងារព័ត៌មាន Macau ចេញផ្សាយ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Tajani បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍របស់ក្រសួង ការបរទេសអ៊ីតាលីបន្ទាប់ពីកិច្ចពិភាក្សា ជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ថា “ប្រទេសចិនត្រូវតែដើរតួនាទីជាមូលដ្ឋាន ដើម្បីជំរុញឆ្ពោះទៅរកសន្តិភាព” ។

លោក​បាន​បន្ថែម​ថា​ «​ខ្ញុំ​ប្រាកដ​ថា​ រដ្ឋាភិបាលទីក្រុង​ប៉េកាំង​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ធ្វើ​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ទិសដៅ​នេះ។

លោក Wang រដ្ឋមន្ត្រីការបរទេសចិន គ្រោង​នឹង​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​រុស្ស៊ី​នៅ​ពេល​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​អឺរ៉ុប។

សេចក្តីថ្លែងការណ៍បាននិយាយថា នៅក្នុងកិច្ចពិភាក្សា ជាមួយលោក Wang លោក Tajani “បានអះអាងជាថ្មី អំពីភាពចាំបាច់ក្នុងការដាក់សម្ពាធ លើប្រទេសរុស្ស៊ី ដើម្បីពង្រឹងលក្ខខណ្ឌសម្រាប់ “សន្តិភាព” តាមរយៈការគាំទ្រផ្នែកការទូត ការដាក់ទណ្ឌកម្មប្រកប ដោយប្រសិទ្ធភាព ការផ្តល់ជំនួយមនុស្សធម៌ និងរកយុត្តិធម៌ សម្រាប់ជនរងគ្រោះ ។

ចំណែកការិយាល័យរបស់លោក Macron ប្រធានាធិបតីបារាំងវិញ បានឱ្យដឹងផងដែរថា នៅពេល ដែលលោក Wang បានធ្វើទស្សនកិច្ចនៅទីក្រុងប៉ារីស កាលពីថ្ងៃពុធ លោក និងប្រធានាធិបតីបារាំង Emmanuel Macron បានយល់ព្រមក្នុងការរួមចំណែក “ឆ្ពោះទៅរកសន្តិភាព” នៅក្នុងប្រទេសអ៊ុយក្រែន។

សូមជម្រាបថា ទំនាក់ទំនងរវាងចិន និងសហភាពអឺរ៉ុប កាន់តែតានតឹងចាប់តាំងពីឆ្នាំ ២០២១ នៅពេល ដែលទីក្រុងព្រុចសែល បានដាក់ទណ្ឌកម្មលើ ទីក្រុងប៉េកាំង ដើម្បីប្រឆាំងនឹងការបង្ក្រាបរបស់ខ្លួន លើសហគមន៍មូស្លីម Uyghur ក្នុងប្រទេសចិន ។ ចិន​ក៏បានវាយ​បក​លើការដាក់ទណ្ឌកម្មនេះ វិញ​ផងដែរ៕

To Top