វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ថា លោក ចូ បៃដិនប្រធានាធិបតី សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ថា លោកនឹងពិភាក្សា ជាមួយ សមភាគីចិន លោក ហ្ស៊ី ជិនពីង បន្ទាប់ពីកងទ័ពអាកាសអាមេរិក បានបាញ់ទម្លាក់ នូវអ្វីដែលក្រុងវ៉ាស៊ីនតោន អះអាងថា ជាបាល់ឡុងចារកម្ម បច្ចេកវិទ្យា ខ្ពស់របស់ចិន កាលពីដើមខែនេះ ។
លោក បៃដិន បានថ្លែងនៅក្នុងសុន្ទរកថា ជាសាធារណៈដ៏ទូលំទូលាយបំផុត របស់គាត់ ចាប់តាំងពីឧបទ្ទវហេតុ កាលពីថ្ងៃទី៤ ខែកុម្ភៈថា “ខ្ញុំរំពឹងថា នឹងជជែកជាមួយប្រធានាធិបតីចិន ហ្ស៊ី ហើយ … យើងនឹងឈានដល់ចំណុចមួយ ដែលល្អ” ។
លោកបានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិក មិនបានស្វែងរកសង្គ្រាមត្រជាក់ ជាថ្មីនោះទេ លោក បៃដិន បានថ្លែងថា ខ្ញុំមិនសុំទោសចំពោះ ការបាញ់ទម្លាក់បាល់ឡុង ហោះនោះទេ” ។
លោក បៃដិន បានថ្លែងថា “យើងនឹងធ្វើសកម្មភាពជានិច្ច ដើម្បីការពារផលប្រយោជន៍ របស់ប្រជាជនអាមេរិក និងសន្តិសុខរបស់ប្រជាជនអាមេរិក” ៕
ដោយ៖ ម៉ៅ បុប្ផាមករា