បរទេស៖អ្នកនាំពាក្យ របស់ក្រសួងការបរទេស លោកស្រី Maria Zakharova កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការអះអាងថា ការប៉ុនប៉ង់ទាំងឡាយ ដោយបណ្តាប្រទេសលោកខាងលិច ក្នុងការបង្កកទ្រព្យសម្បត្តិ របស់រុស្សី និងផ្តល់វាទៅឲ្យប្រទេសអ៊ុយក្រែននោះ គឺជារឿងដែលព្រៃផ្សៃ បំផុតមួយ ហើយប្រសិនបើ ចាំបាច់រុស្សីនឹងធ្វើការឆ្លើយតប ខ្លាំងចំពោះបញ្ហានេះ។
ថ្លែងទៅកាន់សន្និសិទកាសែត ប្រចាំថ្ងៃលោកស្រី បានបានថ្លែងថាបណ្តាសមាជិក អឺរ៉ុប ដែលបានវិនិយោគយ៉ាងច្រើន មកលើប្រទេសរុស្សី កំពុងមានទ្រព្យសម្បត្តិមួយចំនួនធំ នៅក្នុងប្រទេសរុស្សីនៅឡើយ ហើយវាមានទំហំច្រើនជាងអ្វី ដែលទ្រព្យសម្បត្តិ របស់រុស្សី នៅខាងក្រៅប្រទេសទៅទៀត។
លោកស្រីបានបន្តថារុស្សីចង់អនុវត្ត តាមច្បាប់ហើយនឹងផ្តល់ឱកាស ឲ្យអាមេរិកព្រមទាំងសម្ព័ន្ធមិត្ត នូវពេលចុងក្រោយមួយទៀត ដើម្បីឲ្យពួកគេក្នុងការពិចារណា ធ្វើការបង្កកទ្រព្យសម្បត្តិ របស់រុស្សី ទោះបីជាយ៉ាងណាក្តី រុស្សីនឹងបន្តធ្វើការរារាំងនិងការពារ ចំពោះទ្រព្យសម្បត្តិ របស់ខ្លួនជានិច្ច។
រំលឹកដែរថាប្រទេសលោកខាងលិច មកដល់ពេលនេះ បានបង្កកទ្រព្យសម្បត្តិ ជាទុនបម្រុងរបស់រុស្សី ដែលមានតម្លៃរាប់ពាន់លានដុល្លារ មកហើយព្រមទាំងទ្រព្យសម្បត្តិ របស់ជនជាតិរុស្សីជាច្រើនទៀតផងដែរ៕
ប្រែសម្រួល៖ស៊ុនលី