ព័ត៌មានអន្តរជាតិ

ប្រព័ន្ធកុំព្យូទ័ររបស់ FBI អាមេរិក ត្រូវក្រុម Hacker ចូលលុកលុយ

បរទេស៖ FBI ដែលជាទីភ្នាក់ងារសហព័ន្ធ ឈានមុខគេសម្រាប់ការស៊ើបអង្កេត ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត នៅសហរដ្ឋអាមេរិកត្រូវបានលួចចូល ឬ hack។ ការិយាល័យបានបញ្ជាក់កាលពីថ្ងៃសុក្រថា ខ្លួនកំពុងស៊ើបអង្កេតការរំលោភបំពាន នៃបណ្តាញកុំព្យូទ័ររបស់ខ្លួននេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា CNN កាលពីថ្ងៃសុក្រ បានដកស្រង់ប្រភពមិនស្គាល់ អត្តសញ្ញាណដែលបានដឹងអំពីបញ្ហានេះថា ពួក Hacker បានវាយលុកចូលប្រព័ន្ធកុំព្យូទ័រ នៅតំបន់ការិយាល័យនៅទីក្រុងញូវយ៉ក។ ប្រព័ន្ធនេះត្រូវបានប្រើប្រាស់ ក្នុងការស៊ើបអង្កេតលើការ កេងប្រវ័ញ្ចផ្លូវភេទលើកុមារ។

ទីភ្នាក់ងារនេះបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយជាច្រើនថា “FBI បានដឹងអំពីឧបទ្ទវហេតុនេះ ហើយកំពុងធ្វើការដើម្បី ទទួលបានព័ត៌មានបន្ថែម” ។ “នេះ​ជា​ឧប្បត្តិហេតុ​ដាច់​ដោយ​ឡែក ​មួយ​ដែល​ត្រូវ​បាន​ទប់ស្កាត់។ ដោយសារ​នេះ​ជា​ការ​ស៊ើបអង្កេត​កំពុង​បន្ត, FBI មិន​មាន​ការ​អធិប្បាយ​បន្ថែម​ ដើម្បី​ផ្តល់​ជូន​នៅ​ពេល​នេះ​ទេ»។

វាមិនច្បាស់ទេថានៅពេលណាដែលការ hack ឬ ការលួចចូលបានកើតឡើង របៀបដែលប្រព័ន្ធត្រូវបានបំពាន ឬអ្វីដែលជនល្មើស មានបំណងសម្រេចឱ្យបាន។ FBI ត្រូវបានគេរាយការណ៍ថា នៅតែព្យាយាមកំណត់ប្រភពដើម នៃការឈ្លានពានចូល ប្រព័ន្ធកុំព្យូទ័ររបស់ខ្លួននេះ។

លោក Terry Cutler នាយកប្រតិបត្តិនៃក្រុមហ៊ុន សន្តិសុខតាមអ៊ីនធឺណិត Cyology Labs ដែលមានមូលដ្ឋាននៅទីក្រុង Montreal បាននិយាយថា ពួក Hacker នៅក្នុងឧប្បត្តិហេតុចុងក្រោយនេះ ប្រហែលជាបានរំលោភលើប្រព័ន្ធ FBI ដើម្បីលក់សិទ្ធិចូលប្រើវា ៕

ប្រែសម្រួលៈ ណៃ តុលា

To Top