ព័ត៌មានអន្តរជាតិ

មន្ទីរបញ្ចកោណ បញ្ជូនអ្នកដែលមុតស្រួច រឿងចិន ទៅកោះតៃវ៉ាន់

បរទេស៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយ ជាច្រើន បានឱ្យដឹងថា មន្ត្រីជាន់ខ្ពស់របស់មន្ទីរប៉ង់តាហ្គោន ដែលទទួលបន្ទុកកិច្ចការចិន បានធ្វើដំណើរមកដល់កោះតៃវ៉ាន់ ហើយ ដើម្បីជួបជាមួយសមភាគី នៅលើកោះនេះ។

ដំណើរទស្សនកិច្ច ដែលបានរាយការណ៍ គឺជាគណៈប្រតិភូការពារជាតិកម្រិតខ្ពស់ លើកដំបូង ដែលក្រុងវ៉ាស៊ីនតោន បញ្ជូនមកក្នុងរយៈពេលជាច្រើនឆ្នាំ ហើយមកក្នុងពេលដែលមានភាពតានតឹង កើនឡើង ជាមួយទីក្រុងប៉េកាំង។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថាកាសែត Financial Times បានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីបួននាក់ដែលមិនបញ្ចេញឈ្មោះថា លោក Michael Chase ជំនួយការរដ្ឋមន្ត្រីការពារជាតិ សម្រាប់ប្រទេសចិន បានធ្វើដំណើរទៅកាន់កោះតៃវ៉ាន់ កាលពីថ្ងៃសុក្រ បន្ទាប់ពីកិច្ចប្រជុំនៅប្រទេសម៉ុងហ្គោលី។ យ៉ាងណាក៏ដោយ មន្ទីរបញ្ចកោណបានបដិសេធ មិនបញ្ជាក់អំពីដំណើរទស្សនកិច្ចនេះ ទេ ដោយគ្រាន់តែនិយាយថា “ការគាំទ្ររបស់អាមេរិក និងទំនាក់ទំនងការពារជាតិ ជាមួយកោះតៃវ៉ាន់ នៅតែប្រកាន់ជំហរ គឺប្រឆាំងនឹងការគំរាមកំហែងបច្ចុប្បន្ន ដែលបង្កឡើង ដោយសាធារណរដ្ឋប្រជាមានិតចិន”។

អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោកវរសេនីយ៍ទោ Martin Meiners បានប្រាប់សារព័ត៌មានថា “ការប្តេជ្ញាចិត្តរបស់យើង ចំពោះកោះតៃវ៉ាន់គឺរឹងមាំ ហើយរួមចំណែកដល់ការថែរក្សាសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ និងក្នុងតំបន់” ។

នៅពេលសួរដើម្បី ធ្វើអត្ថាធិប្បាយ លើការធ្វើដំណើរដែលបានអះអាងរបស់លោក Chase រដ្ឋមន្ត្រីការពារជាតិ កោះតៃវ៉ាន់ លោក Chiu Kuo-cheng បានអះអាងថា លោក “មិនប្រាកដទេ” ថាដំណើរទស្សនកិច្ចណាមួយ នឹងកើតឡើង ប៉ុន្តែបានបន្ថែមថា “អ្នកដែលរួសរាយរាក់ទាក់នឹងពួកយើង គឺស្វាគមន៍យ៉ាងខ្លាំង” ។

ប្រែសម្រួលៈ ណៃ តុលា

To Top