ប៉េកាំង៖ ក្រសួងពាណិជ្ជកម្មចិនបានឲ្យដឹងថា សកម្មភាពនៃការបន្ថែមក្រុមហ៊ុនអាមេរិក ចំនួនពីរដែលបានលក់អាវុធទៅឱ្យតំបន់តៃវ៉ាន់របស់ប្រទេសចិន ទៅក្នុងបញ្ជីអង្គភាពដែលមិនគួរឱ្យទុកចិត្ត និងចាត់វិធានការដែលត្រូវគ្នា គឺជាសកម្មភាពអនុវត្តច្បាប់ធម្មតា។
ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ សាជីវកម្មអាវុធ Lockheed Martin និង Raytheon Missiles & Defence បានលក់អាវុធម្តងហើយម្តងទៀតទៅឱ្យតៃវ៉ាន់ បើទោះបីជាមានការប្រឆាំងយ៉ាងខ្លាំងរបស់ចិន ដែលបានធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសចិនក៏ដោយ ។
អ្នកនាំពាក្យរូបនេះបានលើកឡើងថា សកម្មភាពរបស់ប្រទេសចិនគឺអនុលោមតាមច្បាប់ពាណិជ្ជកម្មបរទេស ច្បាប់សន្តិសុខជាតិ និងច្បាប់ពាក់ព័ន្ធផ្សេងទៀត ក៏ដូចជាមាត្រា ២ នៃបទប្បញ្ញត្តិ ស្តីពីបញ្ជីអង្គភាពដែលមិនគួរឱ្យទុកចិត្ត។
ក្រសួងបានប្រកាសពីការសម្រេចដាក់ក្រុមហ៊ុនទាំងពីរក្នុងបញ្ជីនៅថ្ងៃព្រហស្បតិ៍។ អ្នកនាំពាក្យបានបន្ដថា សំណួរតៃវ៉ាន់ គឺជាកិច្ចការផ្ទៃក្នុងរបស់ចិន និងជាការព្រួយបារម្ភអំពីផលប្រយោជន៍ស្នូលរបស់ចិន ហើយគ្មានការជ្រៀតជ្រែកពីខាងក្រៅនឹងត្រូវបានអត់ឱនឡើយ ដោយសង្កត់ធ្ងន់ថា គោលការណ៍ចិនតែមួយ គឺជាបទដ្ឋានមូលដ្ឋានដែលត្រូវបានទទួលស្គាល់ជាសកល សម្រាប់គ្រប់គ្រងទំនាក់ទំនងអន្តរជាតិ និងការឯកភាពក្នុងសហគមន៍អន្តរជាតិ។
ការលក់កាំជ្រួច យន្តហោះចម្បាំង និងអាវុធវាយលុកផ្សេងទៀតរបស់ក្រុមហ៊ុនទាំងពីរទៅឱ្យតៃវ៉ាន់ បានធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ចិនយ៉ាងធ្ងន់ធ្ងរ ដោយបានបំពានយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ចិនតែមួយ និងសេចក្ដីថ្លែងការណ៍ចិន-អាមេរិកទាំង៣ និងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា យោងតាមច្បាប់ ប្រទេសចិន នឹងទទួលខុសត្រូវចំពោះអង្គភាពទាំងនោះ ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍របស់ចិន៕ ប្រែសម្រួល ឈូក បូរ៉ា