ម៉ូស្គូ៖ អតីតមេបញ្ជាការរុស្ស៊ីលោក Igor Girkin បានឲ្យដឹងនៅសប្តាហ៍នេះថា ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន អាចសម្រេចចិត្តនៅពេលណាមួយ ដើម្បីប្រកាសថារុស្ស៊ីបានទទួលជ័យជម្នះក្នុងសង្គ្រាមរបស់ខ្លួន ជាមួយអ៊ុយក្រែន។
លោក Girkin ដែលត្រូវបានគេស្គាល់ផងដែរ ដោយឈ្មោះហៅក្រៅថា Igor Strelkov បានលើកឡើងថា លោក ពូទីន នឹងអាចបញ្ចប់សង្រ្គាមតាមរបៀបនេះ ពីព្រោះគោលដៅ សម្រាប់ជម្លោះ មិនបានបញ្ជាក់ច្បាស់លាស់នោះទេ។
ទាហានជើងចាស់ ដែលត្រូវបានគេរាយការណ៍ថាមានសារសំខាន់ក្នុងការបញ្ចូលឧបទ្វីបគ្រីមៀក្នុងឆ្នាំ២០១៤ របស់រុស្ស៊ី និងបានបញ្ជាពួកសកម្មប្រយុទ្ធរុស្ស៊ីនៅក្នុងតំបន់ដុនបាស របស់អ៊ុយក្រែន គឺជាអ្នកសរសេរប្លុកយោធាដ៏ពេញនិយមនៅក្នុងប្រទេសរុស្ស៊ី ហើយត្រូវបានគេស្គាល់យ៉ាងច្បាស់សម្រាប់ការផ្សព្វផ្សាយការឃោសនាគាំទ្រវិមានក្រឹមឡាំង។
ការរំពឹងទុករបស់លោកអំពីលោក ពូទីន និងការបញ្ចប់ដ៏មានសក្ដានុពលនៃសង្គ្រាម ត្រូវបានធ្វើឡើងក្នុងអំឡុងពេលសម្ភាសន៍កាលពីថ្ងៃពុធជាមួយក្រុមប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី Ordinary Tsarism។
កាលពីថ្ងៃសុក្រ លោក Anton Gerashchenko ទីប្រឹក្សារដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុងរបស់អ៊ុយក្រែន បានចែករំលែកឃ្លីបបទសម្ភាសន៍របស់លោក Girkin នៅលើ Twitter ជាមួយនឹងការបកប្រែជាភាសាអង់គ្លេស។
លោក Girkin បានលើកឡើងថា “ជាផ្លូវការ យើងមិនមានសង្រ្គាមទេមែនទេ? ជាផ្លូវការ យើងមិនបានបង្កើតគោលដៅនៃប្រតិបត្តិការយោធាពិសេសនោះទេ ដូច្នេះវាងាយស្រួលនិយាយនៅពេលណាមួយ ដែលយើងសម្រេចបាន និងបញ្ចប់សង្រ្គាម”៕ ប្រែសម្រួល ឈូក បូរ៉ា