បរទេស៖ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាននិយាយកាលពីថ្ងៃសៅរ៍ បើទោះបីជាទីក្រុង គៀវ បានចាត់ទុកខ្លួនឯងថាជាសមាជិក នៃប្លុកលោកខាងលិចក៏ដោយថា អ៊ុយក្រែនត្រូវតែ “ឈ្នះក្នុងនាមជារដ្ឋអធិបតេយ្យភាព និងឯករាជ្យ” មុនពេលដែលប្រទេសនេះអាចចូលរួមជាផ្លូវការជាមួយអង្គការ ណាតូ ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថាលោក Stoltenberg បានប្រាប់ក្រុមមួយនៅឯសន្និសិទសន្តិសុខទីក្រុង Munich ថា “ជំហររបស់អង្គការណាតូលើសមាជិកភាពសម្រាប់អ៊ុយក្រែនគឺមិនផ្លាស់ប្តូរទេ” ។ យើងបានព្រមព្រៀងគ្នាកាលពីឆ្នាំ២០០៨ថា អ៊ុយក្រែននឹងក្លាយជាសមាជិកនៃសម្ព័ន្ធភាពយោធាហើយនោះនៅតែជាជំហររបស់យើង»។
លោកបានបន្តទៀតថា ការពិភាក្សានេះនឹងធ្វើឡើងនៅពេលដែលជម្លោះបច្ចុប្បន្ននៅអ៊ុយក្រែនត្រូវបានដោះស្រាយ។ “ជាការពិតណាស់ អ្វីដែលជាបញ្ហានៅពេលនេះ គឺត្រូវធានាថា អ៊ុយក្រែនមានអំណាចជារដ្ឋអធិបតេយ្យ និងឯករាជ្យ ពីព្រោះថា បើគ្មានអ៊ុយក្រែនជារដ្ឋអធិបតេយ្យភាព និងឯករាជ្យទេនោះ គ្មានវិធីដើម្បីពិភាក្សាអំពីទំនាក់ទំនងណាមួយរវាងណាតូ និងអ៊ុយក្រែននាពេលអនាគតនោះទេ” ។
អង្គការ ណាតូ បានទទូចជាយូរមកហើយថា សមាជិកអនាគតទាំងអស់ត្រូវដោះស្រាយវិវាទអន្តរជាតិដោយសន្តិវិធី ទាំង ទឹកដី ឬជនជាតិភាគតិច ដែលលេចធ្លោ មុនពេលចូលរួមសម្ព័ន្ធភាពនេះ៕
ប្រែសម្រួលៈ ណៃ តុលា