ព័ត៌មានអន្តរជាតិ

ហុងគ្រី បង្ហាញការខាតបង់ សរុបដោយសារទណ្ឌកម្ម ប្រឆាំងនឹងរុស្ស៊ី

បរទេស៖ ទណ្ឌកម្មប្រឆាំងទៅនឹង ប្រទេសរុស្សី ដោយសហភាពអឺរ៉ុប ជុំវិញបញ្ហាប្រតិបត្តិការយោធា នៅអ៊ុយក្រែន បានធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រទេសហុងគ្រី ខាតបង់រហូតទៅដល់១០ពាន់លានអឺរ៉ូ ប៉ុន្តែទោះបីជាយ៉ាងណាក្តី សង្គ្រាមនេះនៅមិនទាន់អាចបញ្ឈប់ បាននៅឡើយ។

តួលេខដែលត្រូវបានប្រកាស ដោយនាយករដ្ឋមន្ត្រីហុងគ្រី ផ្ទាល់ គឺលោក Viktor Orban កាលពីថ្ងៃសៅរ៍ និងដោយបានបញ្ជាក់ទៀតថាទណ្ឌកម្មប្រឆាំងទៅនឹង ប្រទេសរុស្សី បានបង្កទៅជាផលប៉ះពាល់ ធ្ងន់ធ្ងរ ដល់រដ្ឋាភិបាលទីក្រុងប៊ូដាប៉េស ទៅវិញ ដែលក្នុងនោះមានទាំងការឡើងតម្លៃថាមពល ការកើនឡើងនៃតម្លៃ ទំនិញជាដើម។

លោកនាយករដ្ឋមន្ត្រីហុងគ្រី បានពោលបែបនេះថា៖ ទណ្ឌកម្មទាំងនោះបានទាញយក អត្ថប្រយោជន៍សេដ្ឋកិច្ចហុងគ្រី ឲ្យរលាយចោលអស់ ប្រមាណជា៤ទ្រីលាន forints ឬត្រូវជា១០ពាន់លានអឺរ៉ូ ហើយបច្ចុប្បន្នកំពុងប្រឈមមុខទៅនឹង បញ្ហាតម្លៃថាមពលឡើងថ្លៃខ្លាំង តាំងតែពីឆ្នាំ២០២២ មកម្ល៉េះ។

យោងតាមការបញ្ជាក់ ដោយនាយករដ្ឋមន្ត្រីរូបនេះ ដដែលបានឲ្យដឹងទៀតថា ចំណាត់ការទាំងនោះ ដែលសង្ឃឹមថមានឹងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់រុស្សី គឺផ្ទុយស្រឡះវាបែរជាធ្វើឲ្យប៉ះពាល់ ដល់អឺរ៉ុបខ្លួនឯងយ៉ាងខ្លាំង ហើយទោះបីជាមេដឹកនាំអឺរ៉ុបខិត ខំធ្វើយ៉ាងណាស្វែងរកវិធីសាស្ត្រ ដើម្បីបញ្ចប់ជម្លោះនៅអ៊ុយក្រន តែកន្លងមកជិត១ឆ្នាំ ហើយគឺនៅមិនទាន់បានលទ្ធផល អ្វីទាំងអស់៕

ប្រែសម្រួល៖ស៊ុនលី

To Top