អង់ការ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ថា ទីភ្នាក់ងារគ្រោះមហន្តរាយរបស់ប្រទេសតួកគី បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា អាជ្ញាធរតួកគី នឹងបញ្ចប់ការងាររុករក និងជួយសង្គ្រោះដែលមានរយៈ ពេលជិត២សប្តាហ៍បន្ទាប់ពីការ រញ្ជួយដីដ៏ធំដែលបានឆក់យកជីវិតមនុស្សជាង៤០.០០០នាក់នៅក្នុងប្រទេសនេះ ។
លោក Yunus Sezer ប្រធានអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ និងគ្រោះមហន្តរាយតួកគី ហៅកាត់ (AFAD) បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា ការស្វែងរក និងជួយសង្គ្រោះនៅតែកំពុងដំណើរការ នៅក្នុងអគារចំនួន៤០នៃខេត្តភាគខាងត្បូងចំនួន២ដែលរងការខូចខាតយ៉ាងខ្លាំងគឺ Hatay និង Kahramanmaras ។
ប្រធាន AFAD បានថ្លែងថា ការងារនៅក្នុងតំបន់ផ្សេងទៀតដែលរងគ្រោះដោយការរញ្ជួយដី ឥឡូវនេះផ្តោតលើការ យកចេញនូវកំទេចកំទី ការផ្តល់ជម្រកដល់ជនអនាថា និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ។
លោក Sezer បានកត់សម្គាល់ថា ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីដ៏ធំចំនួន២លើក ដែលបានវាយប្រហារ ភាគខាងត្បូង Türkiye កាលពីថ្ងៃទី៦ ខែកុម្ភៈបានកើនឡើងដល់៤០.៦៨៩នាក់ ។
តួលេខនេះទំនងជានឹងកើនឡើងបន្ថែមទៀត ខណៈក្រុមស្វែងរកទាញយកសាកសពបន្ថែមទៀត ។ ក្រុមជួយសង្គ្រោះមិន បានរកឃើញអ្នកនៅរស់ទេក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។
តំបន់រញ្ជួយត្រូវបានគេប៉ាន់ប្រមាណថា មានប្រជាជនចំនួន១៣,៥លាននាក់ ហើយពួកគេជាច្រើននាក់ឥឡូវនេះគ្មាន ផ្ទះសម្បែង ដោយសារផ្ទះរបស់ពួកគេបានដួលរលំ ឬមានគ្រោះថ្នាក់ខ្លាំងនៅពេលចូលទៅក្នុងផ្ទះរបស់ពួកគេ ។
រដ្ឋាភិបាលតួកគី រួមជាមួយនឹងអង្គការជំនួយក្នុងស្រុក និងអន្តរជាតិ បានចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែង សង្គ្រោះជាទ្រង់ទ្រាយធំ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា