ព័ត៌មានអន្តរជាតិ

ចិន ថាសហគមន៍អន្ដរជាតិ មានសិទ្ធិទាមទារការ ស៊ើបអង្កេតឱ្យបានហ្មត់ច ចំពោះការបំផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានឲ្យដឹងថា សហគមន៍អន្តរជាតិមានសិទ្ធិទាមទារ ឱ្យមានការស៊ើបអង្កេតឱ្យបានហ្មត់ចត់ លើការផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream ដែលបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ឆ្លងប្រទេសយ៉ាងធ្ងន់ធ្ងរ និងបណ្តាលឱ្យមានផលវិបាកយ៉ាងធ្ងន់ធ្ងរ។

លោក Wang បានលើកឡើងថា វាចាំបាច់ក្នុងការធ្វើការស៊ើបអង្កេត ប្រកបដោយគោលបំណង មិនលំអៀង និងប្រកបដោយវិជ្ជាជីវៈ ចំពោះការផ្ទុះបំពង់បង្ហូរឧស្ម័ន ដែលធ្លាប់ត្រូវបានចាត់ទុកថា ជាខ្សែជីវិតនៃថាមពលសម្រាប់អឺរ៉ុប ពីព្រោះការផ្ទុះបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរ ដល់ទីផ្សារថាមពលពិភពលោក និងបរិស្ថានអេកូឡូស៊ី។

អ្នកនាំពាក្យបានធ្វើអត្ថាធិប្បាយ ជាការឆ្លើយតបទៅនឹង របាយការណ៍ចុងក្រោយបំផុត និងការកត់សម្គាល់ក្នុងការគាំទ្រ អ្នកកាសែតស៊ើបអង្កេតជនជាតិអាមេរិក Seymour Hersh ដែលបានបង្ហាញព័ត៌មានលម្អិត អំពីការជាប់ពាក់ព័ន្ធរបស់សហរដ្ឋអាមេរិក នៅក្នុងការផ្ទុះកាលពីចុងខែកញ្ញា ឆ្នាំមុន។

លោក John Dugan អ្នកកាសែតជនជាតិអាមេរិក តាមសេចក្តីរាយការណ៍ បានទទួលសំបុត្រអនាមិក ពីយោធាអាមេរិក ដោយថា ក្នុងអំឡុងសមយុទ្ធ Baltops-2022 សមយុទ្ធយោធារបស់អង្គការណាតូ ដែលបានធ្វើឡើងនៅប្រទេសដាណឺម៉ាក កាលពីខែមិថុនាឆ្នាំមុន អ្នកមុជទឹកនៅសមុទ្រជ្រៅ របស់សហរដ្ឋអាមេរិក “បានបាត់ខ្លួននៅក្រោមទឹកអស់រយៈពេលជាង ៦ម៉ោង” ជាមួយនឹងប្រអប់មួយ ដែលសង្ស័យថា ជាប្រអប់គ្រឿងផ្ទុះ។

សាស្ត្រាចារ្យ Jeffrey Sachs នៃសកលវិទ្យាល័យ Columbia ក៏បានឲ្យដឹងផងដែរថា សហរដ្ឋអាមេរិក “ជាប្រទេសតែមួយគត់ ដែលមានការជម្រុញ មធ្យោបាយ” ដើម្បីបញ្ចប់ Nord Stream ។ អតីតទីប្រឹក្សាក្រសួងការពារជាតិបារាំង លោក Alain Corvez បានឲ្យដឹងផងដែរថា តាមទស្សនៈនយោបាយ និងសេដ្ឋកិច្ច សហរដ្ឋអាមេរិក គឺជាអ្នកទទួលផលដ៏សំខាន់នៃឧប្បត្តិហេតុនេះ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top