ប៉េកាំង៖ ប្រទេសចិន បានចេញផ្សាយនូវគំនិតផ្តួចផ្តើមសន្តិសុខសកល (GSI) Concept Paper ដោយបានរៀបរាប់យ៉ាងពេញលេញនូវគោលគំនិតសន្តិសុខរួម ទូលំទូលាយ សហប្រតិបត្តិការ និងនិរន្តរភាព និងផ្តល់នូវប្រាជ្ញារបស់ប្រទេសចិន ក្នុងការដោះស្រាយហានិភ័យ និងបញ្ហាប្រឈមដែលកំពុងកើនឡើងនៅក្នុងតំបន់សន្តិសុខបែបប្រពៃណី និងមិនមែនប្រពៃណី។
អ្នកការទូត និងអ្នកជំនាញចិន បានសាទរចំពោះការចេញផ្សាយឯកសារនេះទាន់ពេលវេលា ចាំបាច់ និងកំណត់គោលដៅ ដោយថា វាផ្តល់នូវប្លង់មេលម្អិតក្នុងការដោះស្រាយបញ្ហាចំណុចក្តៅសកល និងក្នុងតំបន់ប្រកបដោយប្រសិទ្ធភាព ជាពិសេសការបញ្ជាក់បន្ថែមអំពីជំហរលើកកម្ពស់សន្តិភាពរបស់ចិនលើវិបត្តិអ៊ុយក្រែន។
នៅក្នុងវេទិកាមួយដែលធ្វើឡើងនៅក្រសួងការបរទេសចិនកាលពីព្រឹកថ្ងៃអង្គារ រដ្ឋមន្ត្រីការបរទេសចិនលោក Qin Gang បានបង្ហាញគំនិតផ្ដួចផ្ដើម ហើយបានប្រាប់ទស្សនិកជនថា ឯកសារនេះបានគូសបញ្ជាក់ពីទំនួលខុសត្រូវ និងការប្តេជ្ញាចិត្តរបស់ប្រទេសចិន ក្នុងការការពារសន្តិភាពពិភពលោក។ “តើគោលគំនិតសន្តិសុខបែបណាដែលពិភពលោកត្រូវការ និងរបៀបដែលប្រទេសនានាសម្រេចបាននូវសន្តិសុខរួម?”។
រដ្ឋមន្ត្រីការបរទេសចិនបានឲ្យដឹងថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានដាក់បញ្ជូន GSI នៅក្នុងពិធីបើកវេទិកា Boao សម្រាប់សន្និសីទប្រចាំឆ្នាំ ២០២២ ដែលធ្វើឡើងនៅខេត្តហៃណាន ក្នុងខែមេសា ឆ្នាំ ២០២២។ គំនិតនេះឥឡូវនេះត្រូវបានស្វាគមន៍ និងគាំទ្រដោយប្រទេស និងតំបន់ជាង ៨០ ។
ឯកអគ្គរដ្ឋទូត អ្នកការទូត និងតំណាងមកពីប្រទេសចំនួន ១៣៧ និងអង្គការអន្តរជាតិបានចូលរួមវេទិកានេះកាលពីថ្ងៃអង្គារ។ អ្នកការទូតខ្លះបានប្រាប់ Global Times ក្នុងអំឡុងពេលព្រឹត្តិការណ៍នេះថា ពួកគេស្វាគមន៍គំនិតផ្តួចផ្តើមសន្តិសុខ ដែលស្នើឡើងដោយប្រទេសចិន ដោយលើកឡើងថា វានឹងមានសារៈសំខាន់ក្នុងការដោះស្រាយជម្លោះតាមរយៈការសន្ទនាជាជាងការប្រឈមមុខដាក់គ្នាក្នុងប្លុក ឬអនុត្តរភាព៕
ប្រែសម្រួល ឈូក បូរ៉ា