ព័ត៌មានអន្តរជាតិ

អឺរ៉ុប អះអាងថា ស្ដុកយន្ដហោះដ្រូន ផលិតដោយអ៊ីរ៉ង់ របស់រុស្ស៊ី កំពុងធ្លាក់ចុះខ្លាំង

ព្រុចសែល ៖ រុស្ស៊ី​កំពុង​មាន​ស្តុក​តិច​តួច ​នៃ​យន្តហោះ​ដ្រូន ដែល​ផលិត​នៅ​អ៊ីរ៉ង់ នេះ​បើ​យោង​តាម​ការ​វាយតម្លៃ ​ចុងក្រោយ​របស់​មន្ត្រី​អឺរ៉ុប។ ពួកគេឲ្យដឹងថា ការប្រើប្រាស់យន្តហោះដ្រូន ប្រឆាំងនឹងអ៊ុយក្រែន បានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេល ១០ថ្ងៃកន្លងមកនេះ ។

ពីមុន យន្តហោះដ្រូនរាប់សិបគ្រឿង ត្រូវបានប្រើប្រាស់ ជាប្រចាំប្រឆាំង នឹងហេដ្ឋារចនាសម្ព័ន្ធ ថាមពលរបស់អ៊ុយក្រែន ទោះបីជាភាគច្រើនត្រូវបានបាញ់ ទម្លាក់ដោយប្រព័ន្ធការពារ ដែនអាកាសរបស់ប្រទេសក៏ដោយ។

រដ្ឋាភិបាលអ៊ុយក្រែន បានឲ្យដឹងកាលពីខែធ្នូថា រុស្ស៊ីបានទទួលការបញ្ជា ទិញយន្តហោះដ្រូនចំនួន ២៥០គ្រឿងពីប្រទេសអ៊ីរ៉ង់ ដោយមិនបានប្រាប់ ពីកន្លែងដែលខ្លួនទទួលបាន ព័ត៌មាននោះទេ។ ប្រភពមួយបានឲ្យដឹងថា រុស្ស៊ីកំពុងធ្វើការឥតឈប់ឈរ ដើម្បីទទួលបានយន្តហោះដ្រូន និងការផ្គត់ផ្គង់យោធាផ្សេងទៀត ពីប្រទេសអ៊ីរ៉ង់ និងប្រភពផ្សេងៗទៀត ។

ការបង្អាក់ការផ្គត់ផ្គង់ បានកើតឡើង នៅពេលដែលសង្រ្គាម របស់រុស្ស៊ីនៅអ៊ុយក្រែន ជិតដល់មួយឆ្នាំហើយជាមួយនឹងការ ប្រយុទ្ធនៅតែជាប់គាំង នៅក្នុងតំបន់ភាគខាងកើត ទោះបីជាកងកម្លាំងរបស់ទីក្រុងម៉ូស្គូបង្កើនការវាយប្រហាររបស់ពួកគេក៏ដោយ។

គួរបញ្ជាក់ថា រុស្ស៊ីបានពឹងផ្អែកកាន់តែខ្លាំងឡើង លើយន្តហោះដ្រូន និងមីស៊ីល ដើម្បីព្យាយាម ធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៅទូទាំងប្រទេសអ៊ុយក្រែន ចុះខ្សោយ៕

To Top