ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ថា អ្នកការទូតកំពូលរបស់ប្រទេសចិន បានប្រាប់ដល់សម្ព័ន្ធមិត្តដែលជិតស្និទ្ធបំផុតរបស់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃអង្គារថា ទំនាក់ទំនងរបស់ក្រុងប៉េកាំងជាមួយក្រុងម៉ូស្គូ គឺ “រឹងមាំខ្លាំងណាស់” ហើយនឹងទប់ទល់នឹងការសាកល្បងណាមួយនៅក្នុងស្ថានភាពអន្តរជាតិដែលកំពុងផ្លាស់ប្តូរ ។
ភាពជាដៃគូ “គ្មានដែនកំណត់” របស់ប្រទេសចិន ជាមួយរុស្ស៊ី បានស្ថិតក្រោមការត្រួតពិនិត្យនៅបស្ចឹមប្រទេស បន្ទាប់ពីសហរដ្ឋអាមេរិកបានលើកឡើងថា ខ្លួនមានការព្រួយបារម្ភថា ក្រុងប៉េកាំងអាចនឹងកំពុងពិចារណាមួយក្នុងការផ្គត់ផ្គង់សព្វាវុធដល់រុស្ស៊ីក្នុង១ឆ្នាំចាប់តាំងពីការឈ្លានពានមកលើអ៊ុយក្រែន ។
នៅក្នុងកិច្ចប្រជុំនៅក្រុងម៉ូស្គូ លោក Wang Yi បានប្រាប់ដល់លោក Nikolai Patrushev លេខាធិការក្រុមប្រឹក្សាសន្តិសុខដ៏មានឥទ្ធិពលរបស់ប្រទេសរុស្ស៊ីថា លោកទន្ទឹងរង់ចាំការពិភាក្សាអំពីសន្តិសុខ ។
លោក Wang បានប្រាប់ដល់ “សមមិត្ត” Patrushev តាមរយៈអ្នកបកប្រែរុស្ស៊ី នៅក្នុងសុន្ទរកថាដែលចាក់ផ្សាយតាមទូរទស្សន៍រដ្ឋថា “ទំនាក់ទំនងចិន និងរុស្ស៊ីមានភាពចាស់ទុំក្នុងលក្ខណៈ ពួកគេរឹងមាំ ហើយនឹងទប់ទល់នឹងការសាកល្បងណាមួយនៅក្នុងស្ថានភាពអន្តរជាតិដែលផ្លាស់ប្តូរ” ។
លោក Wang បានថ្លែងថា រុស្ស៊ី និងចិន គួរតែធ្វើការចេញនូវជំហានរួមគ្នាថ្មី ដើម្បីធានាសន្តិសុខនៃប្រទេសទាំង២ ដោយមិនចាំបាច់បញ្ជាក់លម្អិតនោះទេ ។
ចំណែក លោក Patrushev ដែលស្និទ្ធស្នាលនឹងលោក ពូទីន បានប្រាប់ “សមមិត្ត” Wang ថា ក្រុងប៉េកាំង គឺជាអាទិភាពកំពូលសម្រាប់គោលនយោបាយការបរទេសរបស់រុស្ស៊ី ហើយថាប្រទេសទាំង២ត្រូវតែរួមគ្នាប្រឆាំងនឹងលោកខាងលិច ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា