ព័ត៌មានអន្តរជាតិ

អាមេរិក៖ ខ្មាន់កាំភ្លើងវ័យ១៩ឆ្នាំ បាញ់សម្លាប់មនុស្ស៣នាក់ នៅរដ្ឋ Florida ក្នុងនោះ មានអ្នកយកព័ត៌មានម្នាក់ផងដែរ

បរទេស៖ ការិយាល័យតម្រួតតំបន់ Orange County បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្មាន់កាំភ្លើងម្នាក់នៅក្នុងរដ្ឋ Florida ត្រូវបានគេអះអាងថា បានបាញ់សម្លាប់មនុស្ស ៣នាក់ ក្នុងនោះ រួមទាំងអ្នកយកព័ត៌មានទូរទស្សន៍ម្នាក់ និងក្មេងស្រីអាយុ ៩ ឆ្នាំម្នាក់ និង ពីរនាក់ផ្សេងទៀតបានរងរបួស។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ការិយាល័យតម្រួតនៅ Orange County បាននិយាយថា “ជនសង្ស័យនៅក្នុងការបាញ់ប្រហារជាបន្តបន្ទាប់នៅថ្ងៃនេះដែលបានសម្លាប់មនុស្ស ៣ នាក់ក្នុងនោះមានស្ត្រីអាយុ ២០ ឆ្នាំម្នាក់, ក្មេងស្រីអាយុ ៩ ឆ្នាំម្នាក់ និងម្នាក់ទៀតជាបុគ្គលិកទូរទស្សន៍ News 13 ។ យើងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតដល់គ្រួសាររបស់ពួកគេទាំងអស់” ។

លោក John Mina ស្នងការតម្រួត Orange County ក្នុងអំឡុងពេលថ្លែងសុន្ទរកថាមុននេះ បាននិយាយថា ជនសង្ស័យឈ្មោះ Keith Melvin Moses អាយុ ១៩ ឆ្នាំ ត្រូវបានចាប់ខ្លួន និងកំពុងស្ថិតក្នុងការឃុំឃាំងរបស់ប៉ូលីស។

ខ្មាន់កាំភ្លើងបានសម្លាប់ស្ត្រីអាយុ ២០ ឆ្នាំម្នាក់កាលពីព្រឹកថ្ងៃពុធនៅ Orange County រដ្ឋ Florida ហើយបន្ទាប់មកបានត្រលប់ទៅកន្លែងកើតហេតុវិញ បន្ទាប់មកបានបន្តការបាញ់ប្រហារដោយបានសម្លាប់អ្នកយកព័ត៌មានដែលកំពុងយកព័ត៌មានអំពីឃាតកម្មតាំងពីព្រឹកនោះ។ កុមារអាយុ ៩ ឆ្នាំម្នាក់មកពីផ្ទះក្បែរនោះក៏ត្រូវបានសម្លាប់នៅក្នុងអំឡុងពេលនេះ។

ពីរនាក់ទៀតក៏ត្រូវបានគេបាញ់ប្រហារផងដែរ ក្នុងនោះមានម្តាយរបស់ក្មេងអាយុ៩ឆ្នាំ និងអ្នកថតរូបម្នាក់ដែលកំពុងធ្វើការជាមួយអ្នកយកព័ត៌មាន News 13 ដែលត្រូវគេសម្លាប់។ អ្នកថតរូប និងអ្នកយកព័ត៌មាន ត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារពេលកំពុងស្ថិតនៅរថយន្តរបស់ពួកគេ៕

ប្រែសម្រួលៈ ណៃ តុលា

To Top