ប៉េកាំង៖ ប្រទេសអ៊ឺរ៉ុបចំនួន៣ ដែលកំពុងសម្លឹងមើលព័ត៌មានលម្អិត ជុំវិញការផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream កាលពីខែកញ្ញា ឆ្នាំមុន បានឲ្យដឹងថា ពួកគេមិនប្រាកដថានៅពេលណា ដែលការស៊ើបអង្កេតរបស់ពួកគេនឹងបញ្ចប់នោះទេ ទោះបីជាមានការចោទប្រកាន់ថា សហរដ្ឋអាមេរិកប្រហែលជាទទួលខុសត្រូវ ចំពោះការបំផ្ទុះនៅក្រោមទឹកមួយនេះ។
អ្នកវិភាគអឺរ៉ុប ឈានមុខគេបានប្រាប់ កាសែតស៊ិនហួ កាលពីថ្ងៃអង្គារ ភស្តុតាងសក្តានុពល នៃការចូលរួមរបស់សហរដ្ឋអាមេរិក នឹងប៉ះពាល់ដល់របៀប ដែលភាគីនីមួយៗនៃវិបត្តិអ៊ុយក្រែន ត្រូវបានមើលពីអន្តរជាតិ។
លោក Davide Tabarelli សាស្ត្រាចារ្យផ្នែកវិស្វកម្មឧស្សាហកម្មនៅសាកលវិទ្យាល័យ Bologna និងជាប្រធានក្រុមហ៊ុន Nomisma Energia ដែលជាក្រុមហ៊ុនប្រឹក្សាស្រាវជ្រាវថាមពល បានលើកឡើងថា ពាក្យចចាមអារ៉ាមអំពីការបំផ្លិចបំផ្លាញ របស់សហរដ្ឋអាមេរិកបានចេញមក សូម្បីតែលឿនជាងការពិភាក្សា ចុងក្រោយបង្អស់ក៏ដោយ។
លោក Tabarelli បានប្រាប់កាសែតស៊ិនហួថា “យើងបានឮពាក្យ ចចាមអារ៉ាមអំពីការចូលរួម ដែលអាចធ្វើទៅបាន ដោយសហរដ្ឋអាមេរិក អស់រយៈពេលជាច្រើនសប្តាហ៍មុនការចោទប្រកាន់ចុងក្រោយ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
បំពង់បង្ហូរឧស្ម័ន Nord Stream ដែលដឹកជញ្ជូនឧស្ម័នធម្មជាតិ ពីប្រទេសរុស្ស៊ីទៅកាន់ទីផ្សារអឺរ៉ុប តាមរយៈប្រទេសអាល្លឺម៉ង់ ត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ កាលពីខែកញ្ញា ឆ្នាំមុនបន្ទាប់ពីការផ្ទុះនៅសមុទ្របាល់ទិក។
ការចោទប្រកាន់ថ្មីៗនេះពីអ្នកកាសែតអាមេរិក ដែលឈ្នះរង្វាន់លោក Pulitzer Seymour Hersh និងអ្នកផ្សេងទៀតបានឲ្យដឹងថា ការវាយប្រហារត្រូវបានធ្វើឡើង ដោយអ្នកមុជទឹកមកពីកង ទ័ពជើងទឹកសហរដ្ឋអាមេរិក។
លោក Hersh ដែលបានសន្យាថា នឹងចែករំលែកព័ត៌មានបន្ថែមពីការស៊ើបអង្កេត របស់លោកក្នុងពេលឆាប់ៗនេះ បានលើកឡើងថា គ្រឿងផ្ទុះត្រូវបានដាំក្នុងអំឡុង ពេលសមយុទ្ធ ដែលពាក់ព័ន្ធនឹងប្រទេសសម្ព័ន្ធមិត្ត នៅក្នុងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ប្រហែល ៣ខែមុនពេលការផ្ទុះ ហើយបានបំផ្ទុះនៅក្នុងខែកញ្ញា ៕
ប្រែសម្រួល ឈូក បូរ៉ា