យូអិន ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានព្រមានកាលពីថ្ងៃពុធថា ការកើនឡើងនៃជម្លោះក្នុងប្រទេសអ៊ុយក្រែន គឺជា “គ្រោះថ្នាក់ច្បាស់លាស់ និងបច្ចុប្បន្ន” ។
លោកបានប្រាប់អ្នកសារព័ត៌មាន នៅក្នុងសម័យប្រជុំពិសេសបន្ទាន់ នៃមហាសន្និបាតអង្គការសហប្រជាជាតិថា “ក្នុងរយៈពេលមួយឆ្នាំ កន្លងមកនេះ មិនត្រឹមតែយើងឃើញការរងទុក្ខ និងការបំផ្លិចបំផ្លាញកើនឡើងប៉ុណ្ណោះទេ វាក៏កាន់តែបង្ហាញឱ្យឃើញកាន់តែច្បាស់ថា តើវាកាន់តែអាក្រក់ទៅៗប៉ុណ្ណា”។
លោកបានលើកឡើងថា ជម្លោះនៅអ៊ុយក្រែន ក៏កំពុងជំរុញអស្ថិរភាពក្នុងតំបន់ និងជំរុញឱ្យមានភាពតានតឹង និងការបែកបាក់ជាសកល ខណៈដែលបង្វែរការយកចិត្តទុកដាក់ និងធនធានពីវិបត្តិផ្សេងៗ និងបញ្ហាសកលលោក។
លោកបានបន្ដថា “ទន្ទឹមនឹងនោះ យើងបានឮការគំរាមកំហែង ដោយប្រយោលក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ អ្វីដែលគេហៅថា ការប្រើយុទ្ធសាស្ត្រ នៃអាវុធនុយក្លេអ៊ែរ គឺមិនអាចទទួលយកបានទាំងស្រុង ។ វាជាពេលវេលាក្នុងការដើរថយក្រោយ” មានន័យថា គ្រប់ភាគីជម្លោះ គួរជៀសវាងការប្រើអាវុធនុយក្លេអ៊ែរ ។
នៅក្នុងនោះដែរលោក Guterres បានអំពាវនាវឱ្យមានសន្តិភាព ។ ប្រជាជនអ៊ុយក្រែន កំពុងរងគ្រោះយ៉ាងខ្លាំង ។ លោកបានលើកឡើងថា ប្រជាជនអ៊ុយក្រែន រុស្ស៊ី និងប្រជាជននៅទូទាំងពិភពលោកត្រូវការសន្តិភាព ។ “ខណៈពេលដែលការរំពឹងទុកអាចនឹង មើលទៅអាក្រក់នៅថ្ងៃនេះ យើងទាំងអស់គ្នាត្រូវតែធ្វើការដោយដឹងថា សន្តិភាពពិតប្រាកដ និងយូរអង្វែងត្រូវតែផ្អែកលើធម្មនុញ្ញអង្គការ សហប្រជាជាតិ និងច្បាប់អន្តរជាតិ”។
លោកបានព្រមានថា ការប្រយុទ្ធបន្តកាន់តែយូរ ការងារនេះកាន់តែលំបាក។ “យើងមិនមានពេលវេលាត្រូវបាត់បង់ទៀតនោះទេ”។ សម័យប្រជុំពិសេសគ្រាអាសន្នលើកទី១១ នៃមហាសន្និបាតបានបន្តនៅថ្ងៃពុធ ខណៈដែលជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន កំពុងខិតជិតដល់ខួបលើកទី ១ របស់ខ្លួន ៕