ព័ត៌មានអន្តរជាតិ

អនុរដ្ឋមន្រ្តីរតនាគារអាមេរិក៖ ការ​គំរាម​របស់​អាមេរិក​ ក្នុង​ការ​ពង្រីក​ទណ្ឌកម្ម លើ​រុស្ស៊ី ​នឹង​មិន​ធ្វើ​ឲ្យ​ចិន​ខឹង​ឡើយ

វ៉ាស៊ីនតោន៖ អនុរដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Wally Adeyemo កាលពីថ្ងៃអង្គារ បានព្រមានក្រុមហ៊ុននានា ក្នុងប្រទេសចិន និងជុំវិញពិភពលោកថា ពួកគេនឹងត្រូវទទួលទណ្ឌកម្ម ប្រសិនបើពួកគេបន្តធ្វើជំនួញ ជាមួយរុស្ស៊ី ដោយបំពានលើទណ្ឌកម្ម របស់សហរដ្ឋអាមេរិក នេះបើយោងតាមរបាយការណ៍ របស់ Bloomberg ។

ការកត់សម្គាល់នេះបានកើតឡើង នៅពេលដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តត្រៀមដាក់ទណ្ឌកម្មថ្មី និងការត្រួតពិនិត្យការនាំចេញ ដើម្បីបង្កើនសម្ពាធលើប្រទេសរុស្ស៊ី ប៉ុន្តែការប៉ុនប៉ងរបស់ខ្លួន ក្នុងការដាក់សម្ពាធលើក្រុមហ៊ុននានា ក្នុងប្រទេសចិនឱ្យចូលរួមភាគី អាចគ្រាន់តែគូសបញ្ជាក់ពីចិត្តគំនិតអនុត្តរភាព របស់សហរដ្ឋអាមេរិក ក្នុងការដាក់ទណ្ឌកម្មឯកតោភាគីប៉ុណ្ណោះ និងយុត្តាធិការអាវុធវែង ជាងប្រទេសដទៃទៀត។

ជាមួយនឹងជម្លោះរុស្ស៊ី-អ៊ុយក្រែន ឈានចូលដល់ឆ្នាំទីពីររបស់ខ្លួន វាច្បាស់ណាស់ថា ការដាក់ទណ្ឌកម្មឯកតោភាគី ដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តមិនបានជួយដោះស្រាយ ស្ថានការណ៍នៅអ៊ុយក្រែននោះទេ ប៉ុន្តែផ្ទុយទៅវិញបានធ្វើឱ្យមានការឈឺចាប់ធ្ងន់ធ្ងរ ដល់សេដ្ឋកិច្ចពិភពលោកបន្ថែមទៀត។

យោងតាមការសិក្សាដែលបានចេញផ្សាយ នៅក្នុង Nature Energy វិបត្តិថាមពលពិភពលោកតែមួយ អាចរុញច្រានមនុស្សប្រមាណ ១៤១ លាននាក់ នៅទូទាំងពិភពលោក ឱ្យធ្លាក់ចូលទៅក្នុងភាពក្រីក្រខ្លាំង។ យ៉ាងណាក៏ដោយ វោហាសាស្ត្រថ្មីៗ ពីមន្ត្រីរដ្ឋាភិបាលអាមេរិក អំពីជម្លោះនេះ ហាក់បីដូចជាបង្កើតការនិទានរឿង ដែលថា ទណ្ឌកម្មមិនដំណើរការដូចការគ្រោងទុកនោះទេ ដោយសាររុស្ស៊ី បានទទួលខ្សែជីវិតហិរញ្ញវត្ថុ ពីពាណិជ្ជកម្មជាមួយប្រទេសចិន និងប្រទេសដទៃទៀត ដែលមិនបានចូលរួម ក្នុងការដាក់ទណ្ឌកម្មរបស់លោកខាងលិច។

ប៉ុន្តែការកត់សម្គាល់បែបនេះ អាចហាក់ដូចជាការបដិសេធដ៏ទន់ខ្សោយ និងរឹងរូសចំពោះការពិតដែលថា គ្មានវិធីណាដែលទណ្ឌកម្មអាចបម្រើជាដំណោះស្រាយជាមូលដ្ឋាន សម្រាប់ជម្លោះណាមួយឡើយ។ មិនថាអាមេរិក និងសម្ព័ន្ធមិត្ត បានគំរាមធ្វើទណ្ឌកម្មថ្មីប្រឆាំងរុស្ស៊ីយ៉ាងណានោះទេ ពួកគេនឹងមិនអាចជួយដោះស្រាយបញ្ហារវាងរុស្ស៊ី និងអ៊ុយក្រែនបានទេ ហើយផ្ទុយទៅវិញអាចក្លាយជាកត្តា ធ្វើឱ្យជម្លោះកាន់តែកើនឡើង។ ការវិលត្រឡប់ទៅកាន់មាគ៌ា នៃកិច្ចចរចាសន្តិភាព ជាជាងការបែកបាក់នៃសេដ្ឋកិច្ចពិភពលោក គឺជាមូលដ្ឋានគ្រឹះក្នុងការរក្សាសណ្តាប់ធ្នាប់។

ជំហររបស់ចិនចំពោះជម្លោះរុស្ស៊ី-អ៊ុយក្រែន តែងតែមានភាពច្បាស់លាស់ ពោល គឺដើរតួនាទីស្ថាបនាក្នុងការស្វែងរក និងសម្រេចបានសន្តិភាព។ វានឹងជាការភ័ន្តច្រឡំ ប្រសិនបើសហរដ្ឋអាមេរិកគិតថា ខ្លួនអាចបង្អាក់ប្រទេសចិន ពីផ្លូវបច្ចុប្បន្នរបស់ខ្លួន ដោយគំរាមកំហែង ដល់ផលប្រយោជន៍របស់ក្រុមហ៊ុនចិន។ ប្រទេសចិនមានកម្លាំង និងប្រាជ្ញាក្នុងការទប់ទល់នឹងសម្ពាធ និងការគំរាមកំហែងបែបនេះ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top