បរទេស៖ នាយកប្រតិបត្តិក្រុមហ៊ុន Twitter គឺមហាសេដ្ឋី Elon Musk បាននិយាយកាលពីថ្ងៃពុធថា គ្មាននរណាម្នាក់ ជំរុញឱ្យមានជម្លោះ ក្នុងប្រទេសអ៊ុយក្រែនខ្លាំងជាង អនុរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការនយោបាយ គឺលោកស្រី Victoria Nuland នោះទេ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Elon Musk ដែលបាននិយាយតាមរយៈ Twitter ថា “គ្មាននរណាម្នាក់ ជំរុញសង្រ្គាមនេះជាងលោកស្រី Nuland ទេ” ។

ការថ្លែងរបស់លោក Elon Musk បែបនេះ បានធ្វើឡើងជាការឆ្លើយតប ទៅនឹងរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ របស់សហរដ្ឋអាមេរិក ដែលគ្របដណ្តប់លើប្រតិកម្មរបស់រុស្ស៊ី ចំពោះការអត្ថាធិប្បាយថ្មីៗរបស់ Nuland ក្នុងការគាំទ្រ ដល់ការវាយប្រហារលើតំបន់គ្រីមៀ។ ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា ការគាំទ្ររបស់លោកស្រី Nuland ឱ្យវាយប្រហារលើតំបន់ គ្រីមៀ គឺបញ្ជាក់ពីការចូលរួមយ៉ាងជិតស្និទ្ធ របស់សហរដ្ឋអាមេរិក នៅក្នុងជម្លោះអ៊ុយក្រែន។

កាលពីថ្ងៃអង្គារ អតីតប្រធានាធិបតីអាមេរិក លោក Donald Trump ក៏បានរិះគន់លោកស្រី Nuland ពីតួនាទីរបស់លោកស្រី ក្នុងការបង្កើនភាពតានតឹងនៅក្នុងជម្លោះ ដោយលោក Trump សង្កត់ធ្ងន់ថា លោកស្រី និងមន្ត្រីសហរដ្ឋអាមេរិកផ្សេងទៀត “រំខាន” ក្នុងការរុញអ៊ុយក្រែន ចូលទៅក្នុងអង្គការណាតូ៕ ប្រែសម្រួលៈ ណៃ តុលា
