នៅថ្ងៃទី ២៤ ខែកុម្ភៈ ក្រសួងការបរទេសចិន បានប្រកាសពីគោលជំហរ របស់ចិន អំពីការដោះស្រាយ វិបត្តិអ៊ុយក្រែន តាមនយោបាយ ។ ពោលគឺ ៖
ទី១. គោរពអធិបតេយ្យភាព របស់ប្រទេសនានា ។ ច្បាប់អន្តរជាតិ ដែលត្រូវបានទទួលស្គាល់ជាទូទៅ រួមទាំងកម្មវត្ថុ និងគោលការណ៍ នៃធម្មនុញ្ញអង្គការ សហប្រជាជាតិ គួរតែត្រូវបានអនុវត្ត យ៉ាងតឹងរ៉ឹង ហើយអធិបតេយ្យភាព ឯករាជ្យភាព និងបូរណភាពទឹកដី នៃប្រទេសនានា គួរតែត្រូវបានធានា ប្រកបដោយប្រសិទ្ធភាព ។ ប្រទេសនានាសុទ្ធតែមានសមភាព ដោយមិនគិតពីប្រទេសធំឬតូច ខ្លាំងឬទន់ខ្សោយ មានឬក្រ។ ភាគីនានាគួរតែរួមគ្នា គាំពារក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ និងគាំពារសច្ចយុត្តិធម៌អន្តរជាតិ ។ ច្បាប់អន្តរជាតិ គួរតែត្រូវបានអនុវត្តដោយស្មើៗគ្នា ហើយមិនត្រូវអនុវត្ត ស្តង់ដាពីរនោះទេ ។
ទី២. បោះចោលគំនិតសង្គ្រាមត្រជាក់ ។ សន្តិសុខរបស់ប្រទេសណាមួយមិន ត្រូវប៉ះពាល់ដល់សន្តិសុខ របស់ប្រទេសដទៃទៀតទេ ហើយសន្តិសុខក្នុងតំបន់ មិនអាចធានាបានដោយផ្អែក លើការពង្រឹងនិងពង្រីកក្រុមយោធា ។ ផលប្រយោជន៍ សន្តិសុខស្របច្បាប់ និងបញ្ហាយកចិត្តទុកដាក់ របស់ប្រទេសនានា គួរតែត្រូវបានយកចិត្តទុកដាក់ និងដោះស្រាយយ៉ាងសមរម្យ ។ បញ្ហាស្មុគស្មាញ មិនគួរមានវិធីដោះស្រាយបែបសាមញ្ញនោះទេ។ យើងគួរតែប្រកាន់ខ្ជាប់នូវគោលគំនិតសន្តិសុខរួម ទូលំទូលាយ សហប្រតិបត្តិការ និងប្រកបដោយនិរន្តរភាព ផ្តោតលើស្ថិរភាពពិភពលោក ពេលយូរអង្វែង ក៏ដូចជាជំរុញការកសាងរចនាសម្ព័ន្ធសន្តិសុខអឺរ៉ុបប្រកបដោយតុល្យភាព ប្រសិទ្ធភាព និង និរន្តរភាព ប្រឆាំងនឹងការបង្កើតសន្តិសុខជាតិ ដោយផ្អែកលើមូលដ្ឋាន នៃអសន្តិសុខ របស់ប្រទេសដទៃ និងទប់ស្កាត់ការបង្ក ឱ្យមានការប្រឈមមុខដាក់គ្នាជាក្រុម ក្នុងន័យរួមគ្នាគាំពារសន្តិភាព និងស្ថិរភាពនៃទ្វីបអឺរ៉ាស៊ី ។
ទី៣ . ឈប់បាញ់គ្នា ។ ក្នុងសង្គ្រាមគ្មានអ្នកឈ្នះទេ ។ ភាគីពាក់ព័ន្ធនានា គួរតែរក្សាសត្យានុម័ត និងការអត់ធ្មត់ កុំចាក់សាំងលើភ្លើង កុំធ្វើឱ្យជម្លោះ កាន់តែតានតឹង ចៀសវាងកុំឱ្យវិបត្តិអ៊ុយក្រែន មានភាពធ្ងន់ធ្ងរ រហូតដល់បាត់បង់ការ គ្រប់គ្រង បាន គាំទ្ររុស្ស៊ី និងអ៊ុយក្រែន ដើរទៅរកគោលដៅដូចគ្នា រៀបចំការសន្ទនា ដោយផ្ទាល់ឱ្យបានឆាប់ ដើម្បីជំរុញការកាត់ បន្ថយភាព តានតឹង ហើយទីបំផុតអាច ឈានដល់បទឈប់បាញ់ ដោយគ្រប់ជ្រុងជ្រោយ។
ទី៤. ចាប់ដំណើរការចរចាសន្តិភាព ។ ការសន្ទនា និងការចរចា គឺជាមធ្យោបាយតែមួយគត់ ដើម្បីដោះស្រាយវិបត្តិអ៊ុយក្រែន ។ រាល់កិច្ចខិតខំប្រឹងប្រែងទាំងអស់ ដែលមានអំណោយផល ដល់ការដោះស្រាយវិបត្តិ ដោយសន្តិវិធី គួរតែទទួលបានការលើកទឹកចិត្ត និងការគាំទ្រ ។ សហគមន៍អន្តរជាតិ គួរតែប្រកាន់ខ្ជាប់នូវទិសដៅត្រឹមត្រូវ នៃការជួយសម្រុះសម្រួល ឱ្យមានសន្តិភាព និងជំរុញការចរចា ក្នុងន័យជួយឱ្យភាគី ពាក់ព័ន្ធនានា ចាប់ផ្តើមដំណើរ ទៅរកវិធីដោះស្រាយវិបត្តិ តាមនយោបាយឱ្យបានឆាប់ ព្រមទាំងបង្កើតលក្ខខណ្ឌ និង ផ្តល់វេទិកា សម្រាប់ការរៀប ចំការចរចាឡើងវិញ ។ ភាគីចិនមានឆន្ទៈបន្តដើរតួនាទី ដែលមានលក្ខណៈស្ថាបនាក្នុងបញ្ហានេះ ។
ទី៥. ដោះស្រាយវិបត្តិមនុស្សធម៌ ។ រាល់វិធានការទាំងអស់ ដែលមានអំណោយផល ដល់ការបន្ធូរបន្ថយ វិបត្តិមនុស្សធម៌ គួរតែទទួលបានការ លើកទឹកចិត្ត និងការគាំទ្រ ។ សកម្មភាពមនុស្សធម៌ ត្រូវតែគោរពតាមគោលការណ៍ អព្យាក្រឹតភាព និងយុត្តិធម៌ ព្រមទាំងទប់ស្កាត់ កុំឱ្យបញ្ហាមនុស្សធម៌ ក្លាយជារឿងនយោបាយ ។ ការពារសុវត្ថិភាព ជនស៊ីវិលប្រកប ដោយប្រសិទ្ធភាព និងបង្កើតច្រករបៀង មនុស្សធម៌ សម្រាប់ការជម្លៀសជនស៊ីវិល ចេញពីតំបន់សង្គ្រាម ។ បង្កើនការផ្តល់ ជំនួយមនុស្សធម៌ ដល់តំបន់ពាក់ព័ន្ធ កែលម្អលក្ខខណ្ឌមនុស្សធម៌ ផ្តល់លទ្ធភាពទទួល បានជំនួយមនុស្សធម៌ ក្នុងល្បឿនលឿន សុវត្ថិភាព និង គ្មានរបាំង និងទប់ស្កាត់កុំឱ្យកើតឡើង វិបត្តិមនុស្សធម៌ដែលមានទ្រង់ទ្រាយធំ ។ គាំទ្រតួនាទីជាអ្នកសម្របសម្រួល របស់អង្គការសហប្រជាជាតិ ក្នុងការផ្តល់ជំនួយមនុស្សធម៌ ដល់តំបន់ជម្លោះ ។
ទី៦. ការពារជនស៊ីវិល និងអ្នកទោសសង្រ្គាម ។ ភាគីនៃជម្លោះ គួរតែគោរពច្បាប់មនុស្សធម៌ អន្តរជាតិ យ៉ាងម៉ឺងម៉ាត់ ជៀសវាងការវាយប្រហារ លើជនស៊ីវិល និងបរិក្ខារស៊ីវិល គួរតែការពារស្ត្រី កុមារ និងជនរងគ្រោះផ្សេងទៀត ក្នុងជម្លោះ និងគោរពសិទ្ធិមូលដ្ឋានរបស់អ្នកទោសសង្គ្រាម។ ប្រទេសចិនគាំទ្រ ការផ្លាស់ប្តូរអ្នកទោស សង្គ្រាម រវាងរុស្ស៊ី និងអ៊ុយក្រែន ហើយភាគីទាំងអស់ គួរតែបង្កើតលក្ខខណ្ឌបន្ថែមទៀត ដើម្បីផ្តល់អំណោយ ផលដល់រឿងនេះ ។
ទី៧. គាំពារសុវត្ថិភាព នៃរោងចក្រផលិតអគ្គិសនី ដោយ ថាមពលនុយក្លេអ៊ែរ ។ ប្រឆាំងនឹងការវាយប្រហារ ដោយប្រដាប់អាវុធ ទៅលើទីតាំង នុយក្លេអ៊ែរសន្តិភាព ដូចជារោងចក្រផលិត អគ្គិសនី ដើរដោយថាមពល នុយក្លេអ៊ែរជាដើម ។ អំពាវនាវឱ្យភាគីទាំងអស់ គោរពតាមអនុសញ្ញា សុវត្ថិភាពនុយក្លេអ៊ែរ និងច្បាប់អន្តរជាតិផ្សេងទៀត ចៀសវាងជាដាច់ខាតនូវគ្រោះថ្នាក់ នុយក្លេអ៊ែរដែលបង្កើត ឡើងដោយមនុស្ស ។ គាំទ្រអង្គការថាមពលបរមាណូអន្តរជាតិ ដែលដើរតួនាទីស្ថាបនា ក្នុងការជំរុញសន្តិសុខ និងការការពារសុវត្ថិភាព នៃសំណង់នុយក្លេអ៊ែរសន្តិភាព ។
ទី៨. កាត់បន្ថយហានិភ័យ ជាយុទ្ធសាស្ត្រ ។ មិនត្រូវប្រើអាវុធ នុយក្លេអ៊ែរទេ ហើយក៏មិន ត្រូវបង្កឱ្យមានសង្គ្រាម នុយក្លេអ៊ែរផងដែរ ។ គួរតែប្រឆាំងនឹង ការប្រើប្រាស់ឬការគំរាមកំហែងថានឹងប្រើប្រាស់ អាវុធនុយក្លេអ៊ែរ។ ទប់ស្កាត់ការរីកសាយភាយនុយក្លេអ៊ែរ ដើម្បីចៀសវាង ពីវិបត្តិនុយក្លេអ៊ែរ។ ប្រឆាំងនឹងការអភិវឌ្ឍនិង ការប្រើប្រាស់អាវុធជីវសាស្ត្រនិងគីមី ដោយប្រទេសណាមួយ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ។
ទី៩. ធានាការ នាំចេញ ស្បៀងអាហារ ។ ភាគីនានាគួរ តែអនុវត្ត ប្រកបដោយតុល្យភាព គ្រប់ជ្រុងជ្រោយនិង មានប្រសិទ្ធភាពនូវ កិច្ចព្រមព្រៀង ស្តីពីការដឹកជញ្ជូនស្បៀង អាហារសមុទ្រ ខ្មៅដែលចុះហត្ថលេខាដោយប្រទេសរុស្ស៊ី តួកគី អ៊ុយក្រែន និងអង្គការសហប្រជាជាតិ ហើយគាំទ្រអង្គការ សហប្រជាជាតិ ក្នុងការដើរតួនាទី សំខាន់ក្នុងរឿងនេះ។ គំនិតផ្តួចផ្តើមស្តិ៍ពីកិច្ច សហប្រតិបត្តិការ សន្តិសុខស្បៀង អន្តរជាតិដែលលើកឡើង ដោយប្រទេសចិន បានផ្តល់នូវដំណោះស្រាយ ដែលអាចធ្វើទៅបាន សម្រាប់វិបត្តិស្បៀង អាហារពិភពលោក ។
ទី១០. បញ្ឈប់ការដាក់ទណ្ឌកម្ម ដោយឯកតោភាគី ។ ការដាក់ទណ្ឌកម្មដោយឯកតោភាគី និងការសង្កត់សម្ពាធជ្រុល មិនត្រឹមតែមិនអាច ដោះស្រាយបញ្ហាបានប៉ុណ្ណោះទេ ថែមទាំងនឹងបង្កើត បញ្ហាថ្មីទៀតផង ។ ប្រឆាំងនឹងការដាក់ទណ្ឌកម្ម ដោយឯកតោភាគីណា ដែលមិនទទួលបានការ អនុញ្ញាត ពីក្រុមប្រឹក្សាសន្តិសុខ។ ប្រទេសពាក់ព័ន្ធ គួរតែបញ្ឈប់ការដាក់ទណ្ឌកម្មឯកតោភាគី ដោយខុសទំនង និង”អំណាចដៃវែង” ដើម្បីដើរតួនាទីក្នុងការបន្ធូរបន្ថយភាព តានតឹង នៃវិបត្តិអ៊ុយក្រែន ព្រមនិងបង្កើតលក្ខខណ្ឌ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងកែលម្អជីវភាព រស់នៅរបស់ប្រជាជាន នៃប្រទេសកំពុងអភិវឌ្ឍន៍ ។
ទី១១. ធានាស្ថិរភាព នៃខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ ។ ភាគីនានាគួរ តែគាំពារយ៉ាងប្រាកដប្រជា នូវប្រព័ន្ធសេដ្ឋកិច្ចពិភពលោក ដែលមានស្រាប់ ប្រឆាំងនឹងការធ្វើឱ្យសេដ្ឋកិច្ច ពិភពលោកទៅជាបញ្ហានយោបាយ ឧបករណ៍ និងអាវុធ។ រួមគ្នាកាត់បន្ថយផលប៉ះពាល់នៃវិបត្តិ និងទប់ស្កាត់ការរំខាន ដល់កិច្ចសហប្រតិបត្តិការលើវិស័យថាមពលអន្តរជាតិ ហិរញ្ញវត្ថុ ពាណិជ្ជកម្មស្បៀង និងការដឹកជញ្ជូនជាដើម ដែលប៉ះពាល់ដល់ការស្តារឡើងវិញ នៃសេដ្ឋកិច្ចពិភពលោក។
ទី១២. ជំរុញការកសាងឡើងវិញ ក្រោយពីសង្គ្រាម ។ សហគមន៍អន្តរជាតិ គួរតែចាត់វិធានការ ដើម្បីគាំទ្រការកសាងឡើងវិញ ក្រោយពីសង្គ្រាមនៅក្នុងតំបន់ជម្លោះត្រូវបានបញ្ចប់ ។ ប្រទេសចិនមានឆន្ទៈផ្តល់ជំនួយ និងដើរតួនាទី ស្ថាបនាក្នុងរឿងនេះ ៕