រ៉ូម៖ យោងតាមក្រុមអ្នកវិភាគបានឱ្យដឹងថា ជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន បាននាំមកនូវបញ្ហាដែលមានអាយុកាលជាច្រើនទសវត្សរ៍នៃស្វ័យភាពជាយុទ្ធសាស្ត្ររបស់សហភាពអឺរ៉ុប ត្រឡប់មកជាចំណុចចាប់អារម្មណ៍វិញ។
តាមវិធីជាច្រើន សហរដ្ឋអាមេរិក គឺជាអ្នកដឹកនាំក្នុងការកំណត់គោលនយោបាយ ដែលបានគាំទ្របុព្វហេតុអ៊ុយក្រែន ដោយប្រទេសនៅអឺរ៉ុបភាគច្រើនធ្វើតាមជំហានរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
អ៊ុយក្រែនក៏បានទទួលប្រយោជន៍ពីការគាំទ្រខ្លាំងពីសហភាពអឺរ៉ុបផងដែរ ប៉ុន្តែអ្នកវិភាគបានឲ្យដឹងថា វាច្បាស់ណាស់ថា អាមេរិកបានយកតួនាទីនាំមុខ ហើយប្លុកអឺរ៉ុប បានត្រឹមដើរពីក្រោយប៉ុណ្ណោះ។
លោក Mattia Guidi អ្នកវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យ LUISS នៃទីក្រុងរ៉ូមបានប្រាប់ស៊ីនហួថា “អំណាចដែលសហភាពអឺរ៉ុប មានទាក់ទងនឹងគោលនយោបាយការបរទេស និងគោលនយោបាយសន្តិសុខមានកម្រិតណាស់បើប្រៀបធៀបទៅនឹងអំណាច ដែលខ្លួនមាននៅក្នុងផ្នែកគោលនយោបាយផ្សេងទៀត” ។
លោក បានលើកឡើងថា មានហេតុផលជាច្រើនសម្រាប់រឿងនោះ រួមទាំងជម្រៅនៃឥទ្ធិពលរបស់សហរដ្ឋអាមេរិក និងវិធីដែលបញ្ហាភូមិសាស្ត្រនយោបាយត្រូវបានសម្រេចនៅអឺរ៉ុប។
លោក Guidi បានបន្ដថា “សហភាពអឺរ៉ុប ធ្វើការសម្រេចចិត្តដោយផ្អែកលើច្បាប់ឯកភាព ដែលមានន័យថា ចាំបាច់ត្រូវដាក់ប្រទេសសមាជិកទាំង ២៧ នៅជុំវិញតុមួយ ហើយស្វែងរកដំណោះស្រាយដែលសាកសមនឹងមនុស្សគ្រប់គ្នា” ។ “នោះជាការពិបាកណាស់ អ្វីដែលជាធម្មតាកើតឡើងនោះគឺថា ជាមួយនឹងគោលនយោបាយការបរទេស និងសន្តិសុខ សហភាពអឺរ៉ុប មិនអាចសម្រេចអ្វីជាដុំកំភួនបាននោះទេ”។
នោះគឺជាករណីនៅដើមខែនេះ នៅពេលដែលប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានជួបជាមួយមេដឹកនាំអឺរ៉ុប នៅទីក្រុង ព្រុចសែល សម្រាប់កិច្ចប្រជុំកំពូលក្រុមប្រឹក្សាអឺរ៉ុបនៅថ្ងៃទី០៩ ខែកុម្ភៈ៕ប្រែសម្រួល ឈូក បូរ៉ា