ព័ត៌មានអន្តរជាតិ

មន្ទីរបញ្ចកោណ ប្រកាសផ្តល់ជំនួយយោធាថ្មី ២ពាន់លានដុល្លារ ដល់អ៊ុយក្រែនថែមទៀត រួមមានប្រព័ន្ធមីស៊ីល HIMARS

បរទេស៖ មន្ទីរបញ្ចកោណបាននិយាយ នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា “សមត្ថភាពនៅក្នុងកញ្ចប់ជំនួយ សន្តិសុខនេះរួមមាន គ្រាប់បន្ថែមសម្រាប់ប្រព័ន្ធរ៉ុក្កែត កាំភ្លើងធំចល័តខ្ពស់ (HIMARS) គ្រាប់កាំភ្លើងធំ ១៥៥ មីលីម៉ែត្របន្ថែម គ្រាប់បែកសម្រាប់ប្រព័ន្ធរ៉ុក្កែត ដឹកនាំដោយឡាស៊ែរ និងយន្តហោះគ្មានមនុស្សបើក Switchblade UAS” ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា កញ្ចប់នេះក៏រួមបញ្ចូលផងដែរ នូវឧបករណ៍ប្រឆាំងយន្តហោះគ្មានមនុស្សបើក និងឧបករណ៍រាវរកសង្គ្រាមអេឡិចត្រូនិក ឧបករណ៍បោសសម្អាតមីន ឧបករណ៍ទំនាក់ទំនងសុវត្ថិភាព ឧបករណ៍ជំនួយ និងយន្តហោះគ្មានមនុស្សបើកឃ្លាំមើល ។ យោងតាមការចេញផ្សាយ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានព្រមាននៅក្នុងសេចក្តីថ្លែងការណ៍ ដាច់ដោយឡែកមួយថា ពេលវេលាដ៏លំបាកអាចនឹងកើតមាននៅខាងមុខ។

មន្ទីរបញ្ចកោណបានកត់សម្គាល់ថា សហរដ្ឋអាមេរិកបានសន្យាផ្តល់ជំនួយយោធាជាង ៣២ ពាន់លានដុល្លារ ដល់អ៊ុយក្រែនក្នុងឆ្នាំកន្លងទៅ រួមមានប្រព័ន្ធមីស៊ីល HIMARS ៣៨ គ្រឿង, ជើងទម្រប្រព័ន្ធការពារដែនអាកាស Patriot, ប្រព័ន្ធមីស៊ីលការពារជាតិកម្រិតខ្ពស់ចំនួនប្រាំបី, រថក្រោះ Abrams ៣១ គ្រឿង, រថយន្តប្រយុទ្ធ Bradley ១០៩ គ្រឿង។ យានជំនិះ, ប្រព័ន្ធប្រឆាំងរថពាសដែក Javelin ៨ ៥០០ដើម, កាំភ្លើងធំ ២៣២ គ្រឿង និងប្រព័ន្ធប្រឆាំងយន្តហោះ Stinger ចំនួន ១ ៦០០គ្រឿង។

នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ប្រទេសរុស្ស៊ីបានចាប់ផ្តើម ប្រតិបត្តិការយោធាពិសេសមួយ នៅអ៊ុយក្រែនជាការឆ្លើយតបទៅនឹង សំណើរបស់សាធារណរដ្ឋប្រជាមានិត Donetsk និង Lugansk ដើម្បីការពារពួកគេពីការវាយប្រហារ កាន់តែខ្លាំងឡើងដោយកងទ័ពអ៊ុយក្រែន។ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ប្រតិបត្តិការដែលកំណត់គោលដៅ លើហេដ្ឋារចនាសម្ព័ន្ធយោធាអ៊ុយក្រែន មានគោលបំណង “ធ្វើឱ្យគ្មានយោធា និងដកឥទ្ធិពលពួកណាស៊ី” ពីអ៊ុយក្រែន និងរំដោះតំបន់ Donbass ទាំងស្រុង ៕

ប្រែសម្រួលៈ ណៃ តុលា

To Top