បរទេស ៖ ក្រុងតេអេរ៉ង់ នៅតែកំពុងស្វែងរកការធ្វើឃាត អតីតប្រធានាធិបតីអាមេរិកលោក Donald Trump, អតីតរដ្ឋមន្រ្តីការបរទេសលោក Mike Pompeo និងមន្ត្រីផ្សេងទៀត ដែលទទួលខុសត្រូវ ចំពោះការធ្វើឃាតឧត្តមសេនីយ៍ Qassem Soleimani កាលពីឆ្នាំ ២០២០, នេះបើតាម លោក Amirali Hajizadeh ប្រធានកងកម្លាំងឆ្មាំបដិវត្តន៍ (IRGC) កងកម្លាំងអាកាស បាននិយាយកាលពីថ្ងៃសុក្រ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ឧត្តមសេនីយ៍កំពូលអីរ៉ង់រូបនេះ បានធ្វើការកត់សម្គាល់បែបនេះ ខណៈដែលលោកបានដាក់បង្ហាញ មីស៊ីលនាំផ្លូវថ្មីដែលហោះបានរយៈចម្ងាយ ១ ៦៥០គីឡូម៉ែត្រ ។
លោក Hajizadeh បាននិយាយថា “យើងសង្ឃឹមថាយើងអាចសម្លាប់ Trump, Pompeo, [ឧត្តមសេនីយ៍ចូលនិវត្តន៍របស់សហរដ្ឋអាមេរិក Kenneth] McKenzie និងមេបញ្ជាការយោធា ដែលបានបញ្ជាផ្សេងទៀត” ។
ឧត្តមសេនីយកំពូលរបស់អ៊ីរ៉ង់ លោក Qassem Soleimani ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្ស បើករបស់សហរដ្ឋអាមេរិក កាលពីថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២០ ខណៈកំពុងបំពេញទស្សនកិច្ច នៅរដ្ឋធានីបាកដាដ របស់ប្រទេសអ៊ីរ៉ាក់។ បន្ទាប់មកប្រធានាធិបតី Trump បានអួតម្តងហើយម្តងទៀត អំពីការចាត់ចែងការវាយប្រហារ ដោយផ្ទាល់ ដោយទទូចថា វាជាការសងសឹក ចំពោះការវាយប្រហារ ដែលបានអះអាងទៅលើបុគ្គលិក អាមេរិកនៅទូទាំងតំបន់ ដែលធ្វើឡើងដោយអ៊ីរ៉ង់។
មន្ត្រីកំពូលនៅទីក្រុងតេអេរ៉ង់ បានសច្ចារម្តងហើយម្តងទៀតថា នឹងសងសឹកចំពោះការធ្វើឃាតលោកឧត្តមសេនីយ៍ Soleimani ដោយគំរាមសម្លាប់លោក Trump និងអ្នកផ្សេងទៀត នៅពីក្រោយការវាយប្រហារនោះ ។ ទន្ទឹមនឹងនេះ អ៊ីរ៉ង់បាននិងកំពុងបន្តស្វែងរកផ្លូវច្បាប់បន្ថែមទៀត ដើម្បីដាក់ទោសពិរុទ្ធជន ដោយបានស្នើសុំម្តង ហើយម្តងទៀត ឱ្យប៉ូលិស Interpol ជួយចាប់លោក Trump និងមន្ត្រីអាមេរិកជិត ៥០នាក់ផ្សេងទៀត ដែលខ្លួនជឿថា មានជាប់ពាក់ព័ន្ធទៅនឹង ការវាយប្រហារនេះ៕