គិតត្រឹមថ្ងៃទី២៤ ខែកុម្ភៈ វិបត្តិអ៊ុយក្រែនបានផ្ទុះឡើង អស់រយៈពេលមួយឆ្នាំគត់ ។ ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ វិបត្តិលើកនេះមិនគ្រាន់តែបានបំផ្លាញ ដល់សន្តិសុខនិងស្ថិរភាពរបស់អឺរ៉ុបប៉ុណ្ណោះទេ ថែមទាំងក៏បាននាំមកនូវកត្តា មិនប្រាកដប្រជានិងអសន្តិសុខដល់ពិភពលោកផងដែរ ។ តើត្រូវបញ្ឈប់សង្គ្រាមយ៉ាងដូចម្តេច? តើគួរកាត់បន្ថយការវាយប្រហារ ដោយវិបត្តិទៅលើពិភពលោកយ៉ាងម៉េច?នៅថ្ងៃដដែល ភាគីចិនបានចេញផ្សាយពី 《គោលជំហររបស់ចិនអំពីការដោះស្រាយ វិបត្តិអ៊ុយក្រែនតាមនយោបាយ》 ដើម្បីផ្តល់តម្រិះប្រាជ្ញារបស់ចិន សម្រាប់ដោះស្រាយវិបត្តិលើកនេះ ។
រំលឹកឡើងវិញនូវផលប៉ះពាល់ នៃវិបត្តិអ៊ុយក្រែនក្នុងរយៈពេល មួយឆ្នាំកន្លងទៅនេះ អ្នកផងទាំងពួងនឹងកាន់តែយល់ដឹងពីតម្លៃនិងអត្ថន័យនៃគម្រោងរបស់ចិននេះ ។ វិបត្តិលើកនេះនាំឱ្យភាគីទាំងពីររុស្ស៊ីនិងអ៊ុយក្រែន ខូចខាតយ៉ាងដំណំ ការផ្គត់ផ្គង់ថាមពលនិងស្បៀងអាហារនៃពិភពលោករងផលប៉ះពាល់ អតិផរណាកើនឡើងឥតឈប់ឈរ សន្តិសុខនុយគ្លេអ៊ែរ រងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ហើយដំណើរសកលភាវូបនីយកម្មរងការ វាយប្រហារម្តងទៀត។ល។
លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងពី “ប្រការគួរតែចំនួន៤” “ចំណុចរួមគ្នាចំនួន៤” និង“ការគិតពិចារណាបីចំណុច” ដើម្បីចង្អុលបង្ហាញពីទិសដៅដ៏ត្រឹមត្រូវ សម្រាប់ជំរុញការដោះស្រាយ វិបត្តិអ៊ុយក្រែនតាមនយោបាយ ។ ហើយឯកសារស្តីពីគោលជំហរដែលភាគីចិនបានចេញផ្សាយថ្មីបំផុតបានផ្តល់គំរោង គ្រប់ជ្រុងជ្រោយនិងប្រាកដប្រជា ដែលអាចអនុវត្តបានសម្រាប់ដោះស្រាយ វិបត្តិអ៊ុយក្រែនតាមនយោបាយ ។
បើមើលឱ្យបានជាក់ស្តែងឃើញថា គោលជំហររបស់ភាគីចិន បូករួមទាំងវិស័យចំនួន១២ ពោលគឺប្រកាន់ខ្ជាប់គោលការណ៍ជាប់រហូតស្តីពី “ការគោរពអធិបតេយ្យភាពរបស់ប្រទេសនានា”ផង ហើយក៏ផ្តល់វិធានការជាក់ស្តែងសម្រាប់ ដោះស្រាយវិបត្តិមនុស្សធម៌ផង សំដៅចំពោះបញ្ហាត្រូវដោះស្រាយជាបន្ទាន់ ប្រទេសចិនបានអំពាវនាវថា គួរតែ “បញ្ឈប់សង្គ្រាម”និង “ចាប់ផ្តើមធ្វើការចរចាសន្តិភាព” ហើយសម្លឹងមើលទៅអនាគតវែងឆ្ងាយ ប្រទេសចិនបានលើកឡើងថា“ត្រូវជំរុញការកសាងជាថ្មីឡើងវិញបន្ទាប់ពីសង្គ្រាម” គំនិតផ្តួចផ្តើមរបស់ចិនបានផ្តោតសំខាន់ទៅលើបញ្ហាដែលភាគីនានាសុទ្ធតែយកចិត្តទុកដាក់ មិនបានឈរជាមួយអ្នកណាផង ហើយក៏បានបញ្ជាក់ពីភារកិច្ចនិងកាតព្វកិច្ចរបស់ភាគីនានាយ៉ាងច្បាស់ផង ។
ការផ្ទុះវិបត្តិអ៊ុយក្រែនជាលទ្ធផល ដែលកើតឡើងដោយសារកត្តា ដ៏ស្មុគ្រស្មាញមួយចំនួន ។ ក្នុងនោះ សហរដ្ឋអាមេរិកនិងអង្គការណាតូបានដើរតួជាអ្នកចាក់សាំងលើភ្លើង ជាអ្នកបង្កដើមហេតុនិងអ្នកជំរុញនៃវិបត្តិលើកនេះ ។ គំនិតផ្តួចផ្តើមដូចជា “ការលុបចោលគំនិតសង្គ្រាមត្រជាក់” និង“ការបញ្ឈប់ការដាក់ទណ្ឌកម្មដោយឯកតោភាគី”ជាដើមដែលលើកឡើងដោយភាគីចិន គឺមានអំណោយផលដល់ការនាំឱ្យពិភពលោកឃើញច្បាស់ថែមមួយកម្រិតទៀត នូវបញ្ហាគន្លឹះនៃវិបត្តិអ៊ុយក្រែន ដូច្នេះ សហរដ្ឋអាមេរិកនិងអង្គការណាតូ គួរតែគិតពិចារណាពីកំហុសរបស់ខ្លួនយ៉ាងស៊ីជម្រៅ ។
ព្រមពេលជាមួយគ្នានេះ ភាគីចិនក៏បានលើកឡើងថា ត្រូវសម្លឹងមើលទៅអនាគតកាន់តែវែងឆ្ងាយដែរ ។ ភាគីចិនបានគូសបញ្ជាក់ថា គួរតែធានាស្ថិរភាពនៃខ្សែសង្វាក់ ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ រំលឹកឡើងវិញថា “មិនត្រូវប្រើប្រាស់អាវុធនុយគ្លេអ៊ែរ ហើយមិនត្រូវធ្វើសង្គ្រាមនុយគ្លេអ៊ែរនោះទេ” ក៏ដូចជាអំពាវនាវថា ត្រូវធានាសន្តិសុខនៃសំណង់នុយគ្លេអ៊ែរស៊ីវិល ព្រមទាំងប្រឆាំងប្រទេសណាទាំងអស់ សិក្សាស្រាវជ្រាវនិងប្រើប្រាស់អាវុធគីមីជីវសាស្ត្រ ទោះក្នុងសភាពការណ៍ណាក៏ដោយ ពោលគឺគំនិតផ្តួចផ្តើមរបស់ចិន បានបង្ហាញឱ្យឃើញនូវទំនួលខុសត្រូវកម្រិតខ្ពស់ចំពោះសុវត្ថិភាព និងការអភិវឌ្ឍរបស់មនុស្សជាតិទាំងមូល ។
កាលណាស្ថានការណ៍កាន់តែស្មុគ្រស្មាញ កាលនោះក៏កាន់តែត្រូវរក្សាការអត់ធ្មត់ និងការអនុវត្តជាក់ស្តែង ព្រមទាំងត្រូវធ្វើការងារយ៉ាងមធ្យ័ត ។ គំនិតផ្តួចផ្តើមរបស់ចិនបានផ្តល់ គម្រោងអាចអនុវត្តបានដល់ការ ដោះស្រាយវិបត្តិអ៊ុយក្រែន ភាគីនានាគួរតែគិតពិចារណាឱ្យបានស៊ីជម្រៅ ក្នុងន័យបង្កើតឱកាសមួយដើម្បីស្តារសន្តិភាពឡើងវិញ ៕