ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ថា លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានចាត់ទុកការប្រឈមមុខដាក់គ្នា ជាមួយលោកខាងលិចជុំវិញ សង្រ្គាមអ៊ុយក្រែនថា ជាសមរភូមិអត្ថិភាពសម្រាប់ការ រស់រានមានជីវិតរបស់រុស្ស៊ី និងពលរដ្ឋរុស្ស៊ី ហើយបានថ្លែងថា លោកត្រូវបានបង្ខំឱ្យគិតគូរពីសមត្ថភាព នុយក្លេអ៊ែររបស់អង្គការ NATO ។
ក្នុងរយៈពេល១ឆ្នាំ ចាប់តាំងពីការបញ្ជាឱ្យ លុកលុយអ៊ុយក្រែនមក លោក ពូទីន កំពុងបង្ហាញសង្រ្គាមកាន់តែខ្លាំងឡើង ក្នុងប្រវត្តិសាស្ត្ររុស្ស៊ី ហើយបានថ្លែងថា គាត់ជឿថា អនាគតរបស់រុស្ស៊ី និងប្រជាជនគឺស្ថិតនៅក្នុងគ្រោះថ្នាក់ ។
លោក ពូទីន បានប្រាប់ដល់ទូរទស្សន៍រដ្ឋ Rossiya 1 នៅក្នុងបទសម្ភាសន៍មួយ ដែលបានកត់ត្រាកាលពីថ្ងៃពុធ ប៉ុន្តែបានចេញផ្សាយនៅថ្ងៃអាទិត្យនេះថា “ពួកគេមានគោលដៅមួយ គឺដើម្បីបំបែកអតីតសហភាពសូវៀត និងផ្នែកមូលដ្ឋានរបស់ខ្លួន គឺសហព័ន្ធរុស្ស៊ី” ។
អង្គការ NATO និងលោកខាងលិច បានច្រានចោលការនិទានរឿងបែបនេះ ដោយបានលើកឡើងថា គោលបំណងរបស់ពួកគេគឺ ដើម្បីជួយអ៊ុយក្រែនការពារខ្លួនប្រឆាំងនឹង ការវាយប្រហារដែលមិនបង្កហេតុ ។
លោក ពូទីន បានថ្លែងថា លោកខាងលិចចង់បំបែកប្រទេសរុស្ស៊ី ហើយបន្ទាប់មកគ្រប់គ្រង ប្រទេសផលិតវត្ថុធាតុដើមដ៏ធំបំផុត របស់ពិភពលោកដែលជាជំហានមួយ ដែលអាចនាំទៅដល់ការបំផ្លិចបំផ្លាញ ប្រជាជនជាច្រើននៃប្រទេសរុស្ស៊ី រួមទាំងជនជាតិភាគតិចរុស្ស៊ីផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា