ព័ត៌មានអន្តរជាតិ

Update៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ បាក់ដីនឡប្រេស៊ីល កើនឡើងដល់ ៦៥នាក់

រីយ៉ូ៖ អាជ្ញាធរក្នុងតំបន់បានឲ្យដឹងថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៦៥នាក់ក្នុងមួយសប្តាហ៍ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង បានបង្កឱ្យមានទឹកជំនន់ និងការរអិលបាក់ដី នៅតាមឆ្នេរសមុទ្រនៃរដ្ឋ Sao Paulo ភាគអាគ្នេយ៍ នៃប្រទេសប្រេស៊ីល។

រដ្ឋាភិបាលរដ្ឋបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងចំណោមជនរងគ្រោះដែលបានស្លាប់គឺជាអនីតិជនចំនួន ១៩នាក់ ដោយបន្ថែមថា “អាទិភាពនៅតែបន្ត គឺការសង្គ្រោះសម្រាប់ជនរងគ្រោះ” ។

ទាហាន ក្រុមអ្នកពន្លត់អគ្គីភ័យ អ្នកស្ម័គ្រចិត្ត និងអ្នកជួយសង្គ្រោះ នៅតែកំពុងជីកយកសាកសពជនរងគ្រោះ និងស្វែងរកមនុស្សនៅបាត់ខ្លួននៅឡើយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ជនរងគ្រោះភាគច្រើនរស់នៅក្នុងសង្កាត់មួយក្នុងតំបន់ដែលមានហានិភ័យខ្ពស់នៅលើជម្រាលភ្នំ Sierra de Mar ដែលជាឆ្នេរនៅរដ្ឋ Sao Sebastiao ។ មនុស្សប្រហែល ២៤៤០នាក់ដែលបានបាត់បង់ផ្ទះសម្បែងរបស់ពួកគេត្រូវជម្លៀសចេញដោយសារតែហានិភ័យនៃការបាក់ដីថ្មី។

កាល​ពី​ថ្ងៃ​អាទិត្យ ផ្លូវ​តាម​ឆ្នេរ​ត្រូវ​បាន​បើក​ឡើង​វិញ​បន្ទាប់​ពី​ត្រូវ​បាន​បិទ​ដោយ​សារ​ការ​បាក់​ដី និង​ការ​ខូច​ខាត​ដោយ​ព្យុះ។ ទោះជាយ៉ាងណាក៏ដោយ ផ្លូវហាយវេដែលភ្ជាប់ពី Mogi da Cruzes ជាមួយ Bertioga ក្នុងរដ្ឋ Sao Paulo នឹងនៅតែបិទសម្រាប់រយៈពេល ៦ខែចាប់តាំងពីភ្លៀងបានបំផ្លាញប្រព័ន្ធលូ និងផ្លូវយ៉ាងធ្ងន់ធ្ងរ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top