ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ កំពុងស្វែងរកការនាំចេញ ផលិតផលនុយក្លេអ៊ែរ និងបច្ចេកវិទ្យា

តេអេរ៉ង់៖ ប្រមុខបរមាណូ របស់អ៊ីរ៉ង់បានឲ្យដឹងថា ប្រទេសនេះស្វែងរកការនាំចេញផលិតផលនុយក្លេអ៊ែរ និងបច្ចេកវិទ្យារបស់ខ្លួន ចំពេលមាន “សង្គ្រាមឃោសនា” ដែលធ្វើឡើង ដោយសត្រូវដើម្បីរារាំងវឌ្ឍនភាព របស់ប្រទេសក្នុងវិស័យនុយក្លេអ៊ែរ។

ប្រធានអង្គការថាមពល អាតូមិក អ៊ីរ៉ង់ (AEOI) លោក Mohammad Eslami បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទនុយក្លេអ៊ែរអ៊ីរ៉ង់លើកទី២៩ នៅសាកលវិទ្យាល័យ Shahid Beheshti កាលពីថ្ងៃអាទិត្យ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Mehr របស់អ៊ីរ៉ង់។

លោក Eslami បានលើកឡើងថា ប្រទេសនេះស្វែងរកការនាំចេញផលិតផល និងបច្ចេកវិទ្យានុយក្លេអ៊ែររបស់ខ្លួន ដោយបន្ថែមថា បច្ចុប្បន្នអ៊ីរ៉ង់កំពុងនាំចេញឱសថវិទ្យុសកម្ម និងប្រភេទឧបករណ៍នុយក្លេអ៊ែរមួយចំនួន។

លោកក៏បានសំដៅទៅលើការធ្វើឃាតអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរអ៊ីរ៉ង់ និងការវាយប្រហារលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ថា ជាវិធានការដែលធ្វើឡើងដោយសត្រូវរបស់អ៊ីរ៉ង់ ដើម្បីរារាំងវឌ្ឍនភាពនៃបច្ចេកវិទ្យានុយក្លេអ៊ែររបស់អ៊ីរ៉ង់។

សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិច បានចោទប្រកាន់អ៊ីរ៉ង់ថា កំពុងអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ហើយក្រុងវ៉ាស៊ីនតោន បានដាក់ទណ្ឌកម្មឯកតោភាគី លើទីក្រុងតេអេរ៉ង់ ក្នុងគោលបំណងបញ្ឈប់សកម្មភាព នុយក្លេអ៊ែរ របស់ខ្លួន។

អ៊ីរ៉ង់ បានច្រានចោលការចោទប្រកាន់នេះថា “គ្មានមូលដ្ឋាន” និងការដាក់ទណ្ឌកម្មថា “ខុសច្បាប់” ដោយថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន មានសន្តិភាព ហើយប្រទេសនេះ មិនដែលបានស្វែងរកការអភិវឌ្ឍន៍ អាវុធនុយក្លេអ៊ែរ នោះទេ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top