ព័ត៌មានអន្តរជាតិ

មេដឹកនាំអឺរ៉ុប ជាច្រើនរូប គ្រោងបំពេញទស្សនកិច្ចនៅចិន ដើម្បីរួមគ្នាដោះស្រាយ វិបត្ដិអ៊ុយក្រែន

ប៉េកាំង៖ មេដឹកនាំអឺរ៉ុបជាច្រើនទៀត គ្រោងនឹងធ្វើទស្សនកិច្ចនៅប្រទេសចិនក្នុងសប្តាហ៍ ឬខែខាងមុខ ដោយផ្តោតលើការបន្ត កិច្ចពិភាក្សាកម្រិតខ្ពស់ និងស្វែងរកកិច្ចសហប្រតិបត្តិការ ជាក់ស្តែងចំពេលប្រទេសនេះមានការងើបឡើងវិញ ក្រោយការរាតត្បាតនៃជំងឺរាតត្បាត ហើយសំខាន់ជាងនេះទៅទៀត គឺលើវិបត្តិអ៊ុយក្រែន។

ទោះបីជាប្រទេសចិន និងបណ្តាប្រទេសនៅអឺរ៉ុប មិនមានជំហរដូចគ្នា លើបញ្ហានេះក៏ដោយ ក៏មន្ត្រី និងអ្នកជំនាញចិនជឿជាក់ថា ភាគីទាំងពីរអាចស្វែងរក ចំណុចរួម ដើម្បីបង្កើនទំនាក់ទំនង និងការសម្របសម្រួល ក្នុងគោលបំណងជំរុញ កិច្ចចរចាសន្តិភាព។

តាមការអញ្ជើញ របស់ប្រធានាធិបតីចិន ស៊ី ជីនពីង ប្រធានាធិបតីបេឡារុស្សលោក Alexander Lukashenko នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសចិន ចាប់ពីថ្ងៃទី២៨ ខែកុម្ភៈដល់ថ្ងៃទី០២ ខែមីនា អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បានប្រកាសកាលពីថ្ងៃសៅរ៍។

ប្រភពពី AFP បានឲ្យដឹងថា ទន្ទឹមនឹងនោះ ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា លោកនឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន នៅដើមខែមេសា ហើយបានអំពាវនាវឱ្យទីក្រុងប៉េកាំង “ជួយយើងដាក់សម្ពាធលើប្រទេសរុស្ស៊ី” ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។

ទោះបីជាធម្មជាតិនៃដំណើរទស្សនកិច្ចទាំងពីរនឹងមិនដូចគ្នាក៏ដោយ ប៉ុន្តែជម្លោះរុស្ស៊ី-អ៊ុយក្រែននឹងក្លាយជាចំណុចសំខាន់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន GlobalTime។

លោក Cui Hongjian ប្រធាននាយកដ្ឋានអឺរ៉ុបបានឲ្យដឹងថា “បេឡារុស្សគឺជាសម្ព័ន្ធមិត្តរបស់រុស្ស៊ី ហើយវាអាចបង្កើនការចូលរួមរបស់ខ្លួននៅក្នុងជម្លោះ។ ដោយមើលឃើញពីស្ថានភាពភូមិសាស្ត្រនយោបាយ និងទីតាំងរបស់ខ្លួន ប្រទេសចិនអាចរៀនពីតួនាទីអ្វីដែលបេឡារុស្សអាចដើរតួក្នុងការជួយជំរុញកិច្ចចរចាសន្តិភាព”។

មួយថ្ងៃមុនពេលដំណើរទស្សនកិច្ចរបស់លោក Lukashenko ត្រូវបានប្រកាស រដ្ឋមន្ត្រីការបរទេសចិន Qin Gang បានពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសបេឡារុសកស លោក Sergei Aleinik តាមទូរស័ព្ទដោយថា ប្រទេសចិន មានឆន្ទៈក្នុងការអនុវត្តការឯកភាពដ៏សំខាន់ ដែលប្រមុខរដ្ឋទាំងពីរសម្រេចបាន និងបង្កើនការជឿទុកចិត្តគ្នាទៅវិញទៅមកផ្នែកនយោបាយ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top