កាលពីថ្ងៃទី ២៥ ខែកុម្ភៈ លោក Yasutoshi Nishimura រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងឧស្សាហកម្មរបស់ជប៉ុន បានរៀបចំពិធីធ្វើការបកស្រាយ អំពីផែនការបង្ហូរទឹក សំណល់នុយក្លេអ៊ែរ ទៅក្នុងសមុទ្រ នៅទីក្រុង Iwaki ខេត្ត Fukushima ។ ក៏ដូចកាលពីមុនដែរ អ្នកប្រកបរបរនេសាទ ក្នុងតំបន់បាននាំគ្នា ប្រឆាំងយ៉ាងខ្លាំងក្លា ចំពោះការនេះ ហើយបានចោទ ជាមន្ទិល សង្ស័យថា ការដែលរដ្ឋាភិបាលជប៉ុន ចចេសជំរុញផែនការបង្ហូរទឹក សំណល់នុយក្លេអ៊ែរ ទៅក្នុងសមុទ្រដោយគ្មានទទួលការឯកភាពពីពួកគេ គឺជា”ទង្វើដែលបំពានលើទំនុកចិត្ត” ។ អ្វីដែលគួរ ឱ្យអស់សំណើចនោះគឺ ខណៈដែលប្រព័ន្ធសារព័ត៌មានសួរថា តើត្រូវប្រើស្តង់ដារបែបណា ដើម្បីធ្វើការវិនិច្ឆ័យថា ប្រជាជនឯកភាពគ្នាជាមួយផែនការ នេះឬអត់ លោក Yasutoshi Nishimura បែរជាបានឆ្លើយតបថា “គ្មានសន្ទស្សន៍ជាក់លាក់ណាមួយទេ” ។ ពាក្យសម្តីបែបនេះបាននាំឱ្យ មតិអន្តរជាតិភ្ញាក់ផ្អើលយ៉ាងខ្លាំង ។
កាលពីខែមេសា ឆ្នាំ ២០២១ រដ្ឋាភិបាលជប៉ុន បានប្រកាសថា មានផែនការចាប់ផ្តើមបង្ហូរ ទឹកសំណល់នុយក្លេអ៊ែរ នៃរោងចក្រអគ្គិសនីដើរ ដោយថាមពលនុយក្លេអ៊ែរ Fukushima ទៅក្នុងសមុទ្រ ពីរដូវផ្ការីកឆ្នាំ ២០២៣ នេះតទៅ ដែលបង្កឱ្យមានការចោទ ជាមន្ទិលសង្ស័យ និងការប្រឆាំងយ៉ាង ទូលំទូលាយ ពីសំណាក់ទាំងក្នុងនិងក្រៅប្រទេស ។ កាលពីខែកក្កដា ឆ្នាំ ២០២២ ជប៉ុនបានអនុម័ត ជាផ្លូវការលើផែនការ បង្ហូរទឹកសំណល់ នុយក្លេអ៊ែរ ទៅក្នុងសមុទ្រ ក្នុងកាលៈទេសៈ ដែលក្រុមការងារ បច្ចេកទេស នៃ អង្គការ ថាមពលបរមាណូ អន្តរជាតិ នៅតែធ្វើការ ត្រួតពិនិត្យ និង វាយតម្លៃដដែល ។ ទង្វើទាំងនេះមិនត្រឹមតែប៉ះពាល់ដល់ កិត្យានុភាព របស់អង្គការ អន្តរជាតិពាក់ព័ន្ធប៉ុណ្ណោះទេ ថែមទាំងក៏មិន ទទួលខុសត្រូវ បំផុតចំពោះប្រជាជនជប៉ុន និងសហគមន៍អន្តរជាតិផងដែរ ។
សូមបញ្ជាក់ថា តាមលទ្ធផល នៃការសិក្សាស្រាវជ្រាវថ្មីបំផុត ដែលប្រកាសដោយវិទ្យាស្ថាន វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ផ្នែកសមុទ្រនិងវិទ្យាស្ថាន សិក្សាស្រាវជ្រាវ ថាមពលនុយក្លេអ៊ែរ នៃប្រទេសកូរ៉េខាងត្បូង បានបង្ហាញថា ប្រសិនបើទឹកសំណល់នុយក្លេអ៊ែរត្រូវបង្ហូរទៅក្នុងលំហសមុទ្រក្បែរខេត្ត Fukushima ដែលស្ថិតនៅប៉ែកខាងកើត ប្រទេសជប៉ុន នោះ សារធាតុ វិទ្យុសកម្ម Tritium ក្នុងទឹកសំណល់ នឹងហូរតាមទឹកទៅកាន់ទិសខាងកើត ជាមួយចរន្តកម្តៅដ៏ខ្លាំង របស់ជប៉ុន ១០ ឆ្នាំក្រោយ វានឹងសាយភាយដល់ លំហមហាសមុទ្រប៉ាស៊ីហ្វិក ខាងជើងទាំងមូល ។ របាយការណ៍វាយតម្លៃ ដែលចេញផ្សាយ ដោយក្រុមការងារ បច្ចេកទេស នៃអង្គការថាមពលបរមាណូ អន្តរជាតិ កាលពីឆ្នាំមុនក៏ បានបញ្ជាក់ដែរថា ផែនការបង្ហូរទឹកសំណល់ នុយក្លេអ៊ែរ ទៅក្នុងសមុទ្ររបស់ជប៉ុន គឺ មិនសមស្របនឹងស្តង់ដារ សន្តិសុខរបស់អង្គការនេះ ។
ព្រមពេលជាមួយគ្នានេះ ក្នុងសន្និសីទនៃក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ ដែលបានបើក កាលពីថ្ងៃទី ១៤ ខែកុម្ភៈ ប្រទេសចិន និងរុស្ស៊ី សុទ្ធតែបានសម្តែងការយក ចិត្តទុកដាក់ ចំពោះបញ្ហាបង្ហូរទឹកសំណល់ នុយក្លេអ៊ែរ ទៅក្នុងសមុទ្ររបស់ជប៉ុន ដោយបានលើកឡើងថា ប្រការនេះនឹងបំផ្លិចបំផ្លាញ យ៉ាងធ្ងន់ធ្ងរដល់បរិស្ថានសមុទ្រ ប្រព័ន្ធអេកូឡូស៊ី ក៏ដូចជាសុខភាព និងអាយុជីវិតរបស់ប្រជាជន នៃបណ្តាប្រទេសនានា ។ ប៉ុន្តែ ខណៈពេលធ្វើសេចក្តីសម្រេចចិត្តនេះ ជប៉ុន មិនបានធ្វើការពិគ្រោះពិភាក្សា ជាមួយប្រទេស ជិតខាងនោះឡើយ ។ ប្រឈមមុខ នឹងការចោទជាមន្ទិលសង្ស័យ និងការប្រឆាំងពីសំណាក់ទាំង ក្នុងនិង ក្រៅប្រទេស រដ្ឋាភិបាលជប៉ុន មិនត្រឹមតែមិនគិតពិចារណា ពីការកែតម្រូវកំហុស របស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងក៏បែរជាប៉ុនប៉ងអូសទាញប្រទេសផ្សេងទៀត ឱ្យធ្វើជាឈ្នាន់ ។
មហាសមុទ្រជាមូលដ្ឋាន សម្រាប់ការរស់នៅនិងអភិវឌ្ឍ ដែលបណ្តាប្រទេសនានា នៅទូទាំងពិភពលោកពឹងអាស្រ័យ ។ នៅទីបំផុត មូលហេតុដែលជប៉ុន សម្រេចចិត្តបង្ហូរទឹកសំណល់ នុយក្លេអ៊ែរទៅក្នុងសមុទ្រ គឺដោយមកពីថ្លៃ ដើមទាបបំផុត ។ រីឯជប៉ុនធ្វើបែបនេះ តើល្មើសនឹងច្បាប់អន្តរជាតិ ពាក់ព័ន្ធឬអត់ តើនឹងបំផ្លិចបំផ្លាញដល់បរិស្ថានសមុទ្រ និងសុខភាពអាយុជីវិត របស់មនុស្សជាតិឬអត់ គឺ មិនស្ថិតក្នុងការគិតពិចារណា របស់ពួកគេនោះទេ ។ ប្រសិនបើជប៉ុនចចេស ជំរុញផែនការ បង្ហូរទឹកសំណល់នុយក្លេអ៊ែរ ទៅក្នុងសមុទ្រ នោះ សហគមន៍អន្តរជាតិ គួរតែធ្វើប្រតិបតិ្តការរួម ដើម្បីគាំពារផលប្រយោជន៍ រួមតាមរយៈមធ្យោបាយផ្លូវច្បាប់ ៕