ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃអង្គារ បានចុះហត្ថលេខាលើច្បាប់ មួយជាផ្លូវការដែលផ្អាកការ ចូលរួមរបស់រុស្ស៊ី នៅក្នុងសន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រថ្មី (New START) ជាមួយសហរដ្ឋអាមេរិក។
ច្បាប់នេះចូលជាធរមានភ្លាមៗ ហើយការសម្រេចចិត្តបន្តការចូលរួម របស់រុស្ស៊ីក្នុងសន្ធិសញ្ញា គឺអាស្រ័យទៅលើប្រមុខរដ្ឋ នេះបើយោងតាមច្បាប់ ដែលបានចេញផ្សាយ។
នៅក្នុងសុន្ទរកថាប្រចាំឆ្នាំ របស់លោក ទៅកាន់សភាសហព័ន្ធនៅថ្ងៃទី២១ ខែកុម្ភៈ លោក ពូទីន បានឲ្យដឹងថា ប្រទេសរុស្ស៊ី កំពុងផ្អាកការចូលរួមរបស់ខ្លួន នៅក្នុងសន្ធិសញ្ញា ជាជាងការដកខ្លួន ចេញពីសន្ធិសញ្ញា New START ។ លោកក៏បានចង្អុលបង្ហាញ ពីសក្ដានុពលនៃការវាយប្រហារ រួមគ្នារបស់អង្គការណាតូ ខណៈដែលចក្រភពអង់គ្លេស និងបារាំង ក៏មានឃ្លាំងអាវុធនុយក្លេអ៊ែរ ដែលបង្កការគំរាមកំហែង ដល់ប្រទេសរុស្ស៊ីផងដែរ។
មួយថ្ងៃក្រោយមក ច្បាប់ស្តីពីការផ្អាកសន្ធិសញ្ញា New START ត្រូវបានអនុម័ត ដោយសភារុស្ស៊ីជាឯកច្ឆ័ន្ទ ហើយបន្ទាប់មកបានបញ្ជូន ទៅលោកពូទីនសម្រាប់ការអនុម័ត ចុងក្រោយរបស់លោក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
New START ដែលជាសន្ធិសញ្ញាគ្រប់គ្រងអាវុធ នុយក្លេអ៊ែរ ចុងក្រោយដែលនៅសេសសល់ ជាធរមានរវាងប្រទេសមហាអំណាច នុយក្លេអ៊ែរទាំងពីរ អាចបន្តរហូតដល់អតិបរមា ៥ឆ្នាំដោយមានការយល់ព្រមពីប្រទេសទាំងពីរ ។ រុស្ស៊ី និងអាមេរិកបានបន្តសន្ធិសញ្ញានេះជាផ្លូវការ រយៈពេល ៥ ឆ្នាំនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ ២០២១៕
ប្រែសម្រួល ឈូក បូរ៉ា