ព័ត៌មានអន្តរជាតិ

ក្រសួងការបរទេសចិន ច្រានចោលការលើកឡើង ដ៏ខុសឆ្គង របស់លោក Blinken រដ្ឋមន្រ្តីក្រសួងការបរទេស អាមេរិក ពាក់ព័ន្ធនឹងបញ្ហាតំបន់តៃវ៉ាន់ ៖ ប្រសិនបើភាគីអាមេរិក ធ្វើតាមតែទំនើងចិត្ត នោះ មុខជានឹងបណ្តាល ឱ្យកើតមានផលវិបាក ដ៏ធ្ងន់ធ្ងរជាក់ជាមិនខាន

ទាក់ទិននឹងការលើកឡើង ដ៏ខុសឆ្គងរបស់លោក Blinken រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក ពាក់ព័ន្ធនឹងបញ្ហាតំបន់តៃវ៉ាន់ កាលពីពេលថ្មីៗកន្លងទៅនេះ លោកស្រី Mao Ning អ្នកនាំពាក្យក្រសួង ការបរទេសចិន បានសង្កត់ធ្ងន់ក្នុងសន្និសីទ សារព័ត៌មាន ជាប្រចាំ កាលពីថ្ងៃទី ២៨ ខែកុម្ភៈថា ភាគីចិន សូមដាស់តឿន អាមេរិកឱ្យបញ្ឈប់ ការប្រព្រឹត្តិដ៏អាក្រក់ ក៏ដូចជាបញ្ឈប់ការបំភាន់ភ្នែក របស់អ្នកផងទាំងពួង និងនិយាយតែផ្តេសតែផ្តាសទៀត ។ ប្រសិនបើភាគីអាមេរិក ធ្វើតាមតែទំនើងចិត្ត នោះ មុខជានឹងបណ្តាលឱ្យកើតមានផលវិបាក ដ៏ធ្ងន់ធ្ងរជាមិនខាន ហើយភាគីអាមេរិកក៏មុខ ជានឹងបង់តម្លៃយ៉ាងខ្លាំង ដោយសាររឿងនេះផង ដែរ ។

មានអ្នកសារព័ត៌មានសួរថា ៖ លោក Blinken រដ្ឋមន្រ្តីក្រសួងការបរទេស អាមេរិក បានអះអាងនាពេលថ្មីៗកន្លងទៅនេះថា វិបតិ្តនៅច្រកសមុទ្រតៃវ៉ាន់ គឺជាបញ្ហាដែលពិភពលោក ទាំងមូលបាននិងកំពុងយកចិត្តទុកដាក់ ។ ប្រសិនបើកើតមានវិបត្តិនៅតំបន់តៃវ៉ាន់ ដោយសារ”ការឈ្លានពាន”របស់ចិន នោះ វានឹងនាំមកនូវផលវិបាកជាលក្ខណៈគ្រោះមហន្តរាយដល់បណ្តាប្រទេសនានានិងសេដ្ឋកិច្ចពិភពលោក ។ លោកស្រី Mao Ning បានលើកឡើងថា ការលើកឡើងបែបនេះ គឺគ្មានភាពទទួលខុសត្រូវបំផុត និងគួរឱ្យអស់សំណើច ហើយប្រទេសចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះរឿងនេះ ។ បញ្ហាតៃវ៉ាន់គឺជាកិច្ចការផ្ទៃក្នុង របស់ចិនសុទ្ធសាធ ជាស្នូល នៃផលប្រយោជន៍ គន្លឹះរបស់ចិន ជាបញ្ហាពីឫសគល់បំផុត នៃមូលដ្ឋាននយោបាយ នៃទំនាក់ទំនងរវាងចិននិងអាមេរិក ហើយក៏ជាខ្សែបន្ទាត់ក្រហម ដ៏សំខាន់បំផុតដែលមិនអាចបំពាន បានក្នុងទំនាក់ទំនងរវាងចិន និងអាមេរិកផងដែរ ។ ប្រទេសចិនមិនអនុញ្ញាតឱ្យកម្លាំង ខាងក្រៅណាមួយមកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ចិនជាដាច់ខាត ៕

To Top