អង់ការ៉ា៖ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានប្រកាសនៅថ្ងៃពុធនេះថា រដ្ឋាភិបាលរបស់លោកគ្រោងនឹង រៀបចំការបោះឆ្នោតប្រធានាធិបតី និងសភានៅថ្ងៃទី១៤ ខែឧសភា ខណៈដែលប្រទេសនេះនៅតែងើបឡើងវិញ ពីការរញ្ជួយដីដ៏សាហាវចំនួនពីរ ដែលបានវាយប្រហារតំបន់ភាគខាងត្បូង របស់ខ្លួនកាលពីដើមខែកុម្ភៈ។
លោក Erdogan បានប្រាប់សមាជិកបក្សរបស់គាត់នៅឯសភាថា “ពេលវេលាជិតមកដល់ហើយ។ ប្រជាជាតិនេះនឹងធ្វើអ្វី ដែលចាំបាច់នៅថ្ងៃទី១៤ ខែឧសភា” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ប្រធានាធិបតីតួកគីបានឧ្យដឹងមុននេះថា ការបោះឆ្នោតនឹងត្រូវធ្វើឡើង នៅថ្ងៃទី១៤ ខែឧសភា ដើម្បីជៀសវាងការធ្វើចំណាកស្រុក តាមរដូវកាលរបស់អ្នកបោះឆ្នោត និងការប្រឡងនៅសាកលវិទ្យាល័យ នៅដើមរដូវក្តៅ។
បន្ទាប់ពីមានការរញ្ជួយដី ដ៏ធំចំនួនពីរកាលពីថ្ងៃទី៦ ខែកុម្ភៈ ដែលបានសម្លាប់មនុស្សជាង ៤៥០០០នាក់ នៅក្នុងប្រទេសគិតត្រឹមថ្ងៃពុធ និងបណ្តាលឱ្យមានការខាតបង់ ទ្រព្យសម្បត្តិយ៉ាងច្រើននោះ តួកគីបានចាប់ផ្តើមពិភាក្សាថាតើការ បោះឆ្នោតដែលគ្រោងធ្វើនៅខែឧសភា ឬខែមិថុនា គួរតែត្រូវបានពន្យារពេលឬអត់។
ការរញ្ជួយដីដ៏ធំដែលស្ថិត នៅភាគអាគ្នេយ៍នៃទីក្រុងតួកគី បានប៉ះពាល់ដល់ខេត្តចំនួន ១០ ដែលមានប្រជាជនជាង ១២លាននាក់។ ការរញ្ជួយដីក៏បានបំផ្លាញអគាររាប់ម៉ឺនអគារ ដែលធ្វើឱ្យប្រជាជនតួកគី រាប់ម៉ឺននាក់គ្មានផ្ទះសម្បែង ៕
ប្រែសម្រួល ឈូក បូរ៉ា