ព័ត៌មានអន្តរជាតិ

វៀតណាម រកឃើញប្រធានាធិបតីថ្មី ដែលជាបណ្ឌិត ផ្នែកទស្សនវិជ្ជាវ័យ ៥៣ឆ្នាំ

ហាណូយ៖ រដ្ឋសភាវៀតណាម នៅព្រឹកថ្ងៃព្រហស្បតិ៍បានបញ្ជាក់ថា សមាជិកការិយាល័យនយោបាយគឺលោក Võ Văn Thưởng ជាប្រធានរដ្ឋថ្មី នៃប្រទេសវៀតណាមអាណត្តិ២០២១-២៦ ក្នុងកិច្ចប្រជុំវិសាមញ្ញមួយ ដែលបានធ្វើឡើងនៅទីក្រុងហាណូយ។

យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា តំណាងរាស្រ្ត សរុបចំនួន ៤៨៧រូប ក្នុងចំណោមសមាជិកទាំង ៤៨៨រូប ដែលមានវត្តមាននៅអគាររដ្ឋសភា ក្នុងទីក្រុងហាណូយ បានបោះឆ្នោតអនុម័ត សេចក្តីសម្រេចរបស់សភា ស្តីពីការបោះឆ្នោតជ្រើសរើសលោក Thưởng ឲ្យកាន់តំណែងនេះ ។

លោក Võ Văn Thưởng គឺជាបេក្ខជនដែលត្រូវបានតែងតាំង ដោយគណៈកម្មាធិការមជ្ឈិមបក្ស បន្ទាប់ពីពួកគេបានប្រជុំមួយថ្ងៃមុននៅទីក្រុងហាណូយ ក្នុងអំឡុងពេលកិច្ចប្រជុំវិសាមញ្ញផងដែរ ។ លោក Thưởng អាយុ ៥៣ ឆ្នាំមកពីខេត្ត Vĩnh Long ភាគខាងត្បូង បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកទស្សនវិជ្ជា។ លោកក៏ធ្លាប់ជាសមាជិកការិយាល័យនយោបាយ ដែលជាស្ថាប័នធ្វើសេចក្តីសម្រេចខ្ពស់បំផុត របស់បក្សអស់រយៈពេលពីរអាណត្តិផងដែរ។

លោកបានក្លាយជាសមាជិកអចិន្ត្រៃយ៍ វ័យក្មេងបំផុត នៃលេខាធិការដ្ឋានគណៈកម្មាធិការមជ្ឈិមបក្សចាប់តាំងពីឆ្នាំ ១៩៧៦ ហើយក៏ជាសមាជិកក្មេងជាងគេ នៅក្នុងការិយាល័យនយោបាយដែលមានសមាជិក ១៦ បច្ចុប្បន្នផងដែរ។

ក្នុងពិធីស្បថចូលកាន់តំណែង ដែលបានប្រព្រឹត្ត ទៅមិនយូរប៉ុន្មាន ក្រោយការបោះឆ្នោតរបស់សភា ប្រធានាធិបតីថ្មីបានស្បថ ភក្តីភាពចំពោះមាតុភូមិ ចំពោះប្រជាជន និងរដ្ឋធម្មនុញ្ញ នៃសាធារណរដ្ឋសង្គម និយមវៀតណាម៕

To Top