ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីថ្មីវៀតណាម ប្តេជ្ញាអនុវត្តតាមមនោគមវិជ្ជា របស់មេដឹកនាំ ហូ ជីមិញ

ហាណូយ ៖ ក្នុងសុន្ទរកថាក្នុងការចូលកាន់តំណែង ប្រធានរដ្ឋគឺលោក Thưởng បានថ្លែងអំណរគុណ ចំពោះរដ្ឋសភា ចំពោះការទុកចិត្ត និងបានផ្តល់ឱកាសឱ្យលោក បម្រើមាតុភូមិ និងប្រជាជនក្នុងតួនាទីនេះ ។

យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Võ Văn Thưởng បានថ្លែងអំណរគុណ ចំពោះគណៈកម្មាធិការមជ្ឈិមបក្ស អគ្គលេខាបក្ស លោក Nguyen Phu Trong និងថ្នាក់ដឹកនាំបក្ស និងរដ្ឋ ដែលបានជឿជាក់លើរូបលោក និងផ្តល់អនុសាសន៍ ចំពោះមុខតំណែងនេះ ។

លោក Thưởng បាននិយាយថា នេះជាកិត្តិយសដ៏ខ្ពង់ខ្ពស់ និងជាទំនួលខុសត្រូវដ៏ធ្ងន់មួយ សម្រាប់លោក ដោយសម្តែងនូវការគោរព និងដឹងគុណដ៏វិសេសវិសាល ចំពោះបិតាស្ថាបនិក នៃប្រទេសវៀតណាម លោក ហូ ជីមិញ ។

លោកបានប្តេជ្ញាថា នឹងបន្តសិក្សានិងអនុវត្តតាមមនោគមវិជ្ជា សីលធម៌ និងរបៀបរស់នៅរបស់ប្រធាន ហូ ជីមិញ។

លោកបានបន្ថែមថា វៀតណាមកំពុងខិតខំក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ ដែលមានឧស្សាហកម្មទំនើប ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍន៍ ដែលមានប្រាក់ចំណូលខ្ពស់ជាមួយនឹងទិសដៅ សង្គមនិយមនៅឆ្នាំ២០៤៥ ដែលជាខួបលើកទី១០០ នៃសាធារណរដ្ឋសង្គម និយមវៀតណាម៕

To Top