ព័ត៌មានអន្តរជាតិ

សភាហ្វាំងឡង់ អនុម័តច្បាប់អនុញ្ញាត ឲ្យប្រទេសនេះ ចូលរួមជាមួយ អង្គការណាតូ

ហែលស៊ីនគី៖ សភាហ្វាំងឡង់ បានអនុម័តច្បាប់អនុញ្ញាត ឱ្យប្រទេសនេះ ចូលរួមជាមួយអង្គការ សន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ។ សមាជិកសភាចំនួន ១៨៤នាក់បានបោះឆ្នោតគាំទ្រដោយ ៧ ជំទាស់ និង ១ អនុប្បវាទ ។

ប្រធានាធិបតីហ្វាំងឡង់លោក Sauli Niinisto នឹងចុះហត្ថលេខាលើច្បាប់ “ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន” ។ នៅខែឧសភា ឆ្នាំ២០២២ សភាហ្វាំងឡង់ បានទទួលយកពាក្យ សុំចូលជាសមាជិកណាតូ ដោយមានសំឡេងភាគច្រើនពី ១៨៨សំឡេង ។

រហូតមកដល់ពេលនេះ ប្រទេសសមាជិកណាតូចំនួន ២៨ បានផ្តល់សច្ចាប័ន លើសមាជិកភាពហ្វាំងឡង់ ដោយប្រទេសតួកគី និងហុងគ្រីនៅតែរង់ចាំនៅឡើយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

ទូរទស្សន៍ជាតិហ្វាំងឡង់ YLE បានចុះផ្សាយថា សភាហ្វាំងឡង់ចង់បញ្ចប់ការបោះឆ្នោតក្នុងស្រុក មុនពេលការបោះឆ្នោតសភានាពេលខាងមុខ។ ការបោះឆ្នោតកាលពីថ្ងៃពុធ ក៏ត្រូវបានទាមទារនៅក្នុង សភាផងដែរ ខណៈដែលសមាជិកសភា Markku Mustajarvi នៃសម្ព័ន្ធឆ្វេងនិយម បានដាក់ស្នើគំនិតផ្តួចផ្តើមប្រឆាំង នឹងសមាជិកភាពណាតូ។

លោក Mustajarvi បានលើកឡើងថា ហ្វាំងឡង់ មិនបានកំណត់លក្ខខណ្ឌគ្រប់គ្រាន់ ដើម្បីចូលរួមនោះទេ ឧទាហរណ៍ទាក់ទងនឹង ការដាក់អាវុធនុយក្លេអ៊ែរ នៅក្នុងប្រទេសហ្វាំងឡង់ នេះបើតាមការចុះផ្សាយរបស់កាសែត Helsingin Sanomat របស់ហ្វាំងឡង់៕

ប្រែសម្រួល ឈូក បូរ៉ា

To Top