ញូវដេលី៖ រដ្ឋមន្ត្រីការបរទេសមក ពីក្រុមសេដ្ឋកិច្ចចំនួន ២០ (G-20) នៅថ្ងៃព្រហស្បតិ៍នេះ បានចូលរួមក្នុងការជជែក ដេញដោលយ៉ាងសំខាន់នៅថ្ងៃទីពីរ នៃកិច្ចប្រជុំរបស់ពួកគេ នៅក្នុងប្រទេសឥណ្ឌា ដោយសង្គ្រាមរបស់រុស្ស៊ីលើអ៊ុយក្រែន គ្របដណ្តប់លើការពិភាក្សា ។
សេចក្តីថ្លែងការណ៍រួមមួយ ទំនងជាមិនត្រូវបានចេញបន្ទាប់ពីកិច្ចចរចា G-20 រយៈពេលពីរថ្ងៃនៅទីក្រុងញូវដែលី ដែលបានចាប់ផ្តើមជាមួយនឹង អាហារពេលល្ងាចស្វាគមន៍កាលពីថ្ងៃពុធ ប៉ុន្តែឥណ្ឌាអាចនឹងបញ្ចេញការបញ្ចប់ក្នុង នាមជាប្រទេសប្រធានាធិបតី នេះបើយោងតាមប្រភពរដ្ឋាភិបាលជប៉ុន។
រដ្ឋមន្ត្រីការបរទេស G-20 បានប្រមូលផ្តុំគ្នានៅពេល ដែលមានការប្រេះឆាកាន់តែស៊ីជម្រៅ រវាងបណ្តាប្រទេសលោកខាងលិច និងចិន-រុស្ស៊ី ជុំវិញការឈ្លានពានរបស់ទីក្រុងម៉ូស្គូ លើអ៊ុយក្រែន និងបញ្ហាផ្សេងៗទៀត ។
សហរដ្ឋអាមេរិក បណ្តាប្រទេសនៅអឺរ៉ុប និងជប៉ុនបាននិងកំពុងបង្កើនការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសរុស្ស៊ី ខណៈដែលប្រទេសនានារួមទាំងចិន និងឥណ្ឌា មិនបានចូលរួមក្នុងវិធានការ ដាក់ទណ្ឌកម្មនោះទេ។
ទន្ទឹមនឹងនោះ ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង នៅតែមានជម្លោះលើកោះតៃវ៉ាន់ និងការសង្ស័យថា បាឡុងចារកម្មចិន ត្រូវបានបាញ់ទម្លាក់កាលពីខែមុន ដោយកងកម្លាំងសហរដ្ឋអាមេរិក លើទ្វីបអាមេរិក។
តៃវ៉ាន់ដែលគ្រប់គ្រងដោយលទ្ធិប្រជាធិបតេយ្យ ត្រូវបានចិនចាត់ទុកថាជាខេត្តមួយ ដែលត្រូវបង្រួបបង្រួមជាមួយដីគោកឡើងវិញ ដោយបង្ខំប្រសិនបើចាំបាច់។
បន្ថែមពីលើនេះ ទីក្រុងវ៉ាស៊ីនតោន បានប្រកែកថា ចិនបាននឹងកំពុងពិចារណាផ្តល់អាវុធដល់រុស្ស៊ី ដែលបានចាប់ផ្តើមសង្រ្គាមប្រឆាំង នឹងអ៊ុយក្រែននៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ បើទោះបីជាទីក្រុងប៉េកាំងបានបដិសេធយ៉ាងខ្លាំង ចំពោះការចោទប្រកាន់នេះក៏ដោយ៕
ប្រែសម្រួល ឈូក បូរ៉ា