ញូវដេលី៖ រដ្ឋមន្ត្រីការបរទេស មកពីក្រុមសេដ្ឋកិច្ចធំៗចំនួន ២០ (G-20) បានចាប់ផ្តើមកិច្ចប្រជុំ រយៈពេលពីរថ្ងៃនៅក្នុងប្រទេសឥណ្ឌាកាលពីថ្ងៃពុធ ចំពេលមានភាពខុសគ្នាយ៉ាងខ្លាំង រវាងបណ្តាប្រទេសលោកខាងលិច និងចិន-រុស្ស៊ី ជុំវិញសង្គ្រាម នៅអ៊ុយក្រែន និងបញ្ហាផ្សេងៗទៀត។
ការជួបជុំគ្នានៅទីក្រុងញូវដេលី ធ្វើឡើងស្របពេល ដែលសហរដ្ឋអាមេរិក ប្រជាជាតិអឺរ៉ុប និងជប៉ុនបាននិងកំពុងជំរុញ ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច លើប្រទេសរុស្ស៊ី ជុំវិញការលុកលុយប្រទេសជិតខាងរបស់ខ្លួន។ ចិន និងឥណ្ឌាមិនបានចូលរួមក្នុងវិធានការនេះទេ។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និង រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov ទំនងជានឹងផ្លាស់ប្តូរយោបល់គ្នា។ រដ្ឋមន្ត្រីការបរទេសចិន លោក Qin Gang ដែលបានឡើង កាន់តំណែងកាលពីខែធ្នូ គ្រោងនឹងបង្ហាញខ្លួន ជាលើកដំបូងនៅក្នុងវេទិកាអន្តរជាតិ ដ៏ធំមួយនៅថ្ងៃទីពីរនៃកិច្ចប្រជុំ G-20 ។
លោក Yoshimasa Hayashi រដ្ឋមន្ត្រីការបរទេសជប៉ុន ដែលកាន់តំណែងជាប្រធានក្រុមប្រទេស (G-7) នៅឆ្នាំនេះ មិនបានចូលរួមប្រជុំ G-20 ដោយមានអនុរដ្ឋមន្ត្រីជាន់ខ្ពស់ Kenji Yamada តំណាងប្រទេសជំនួសលោក។
ការអវត្តមានរបស់លោក Hayashi ត្រូវបានគេចោទសួរ ចាប់តាំងពីកិច្ចសហប្រតិបត្តិការរវាងជប៉ុន និងឥណ្ឌា ដែលជាប្រធាន G-20 នៅឆ្នាំនេះ ត្រូវបានគេមើលឃើញថាចាំបាច់ ខណៈដែលទីក្រុងតូក្យូ មានបំណងអំពាវនាវឱ្យមានរណសិរ្ស រួបរួមប្រឆាំងនឹងរុស្ស៊ី នៅមុនកិច្ចប្រជុំកំពូល G-7 ដោយផ្ទាល់នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ក្នុងខែឧសភា ៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
