កុមារជាក្តីសង្ឃឹម និងអនាគតរបស់ពិភពលោក ។ ប៉ុន្តែយោងតាមរបាយការណ៍ ដែលរួមគ្នាចេញផ្សាយដោយ អង្គការពលកម្មអន្តរជាតិ និងមូលនិធិកុមារអង្គការសហប្រជាជាតិ កាលពីដើមខែមីនា ឆ្នាំនេះបានបង្ហាញថា បញ្ហាក្រីក្ររបស់ក្រុមកុមារ នៅតែមានភាពលេចធ្លោដដែល ហេតុនេះហើយ បានអំពាវនាវឱ្យបណ្តាប្រទេសនានា បង្កើនការការពារចំពោះក្រុមកុមារ ។ សំដៅចំពោះការអំពាវនាវនេះ សហរដ្ឋអាមេរិកដែលអួតអាងថាខ្លួនជា”ប៉មសិទ្ធិមនុស្ស”នោះ គួរតែស្តាប់ស្នូរសំរែករបស់សហគមន៍អន្តរជាតិ ។
តាមការផ្សាយដំណឹងរបស់កាសែត «ញូវយ៉កថាមស៍» នាពេលថ្មីៗកន្លងទៅនេះបានឱ្យដឹងថា តាំងពីឆ្នាំ ២០២១ មក ការប្រើពលកម្មកុមារនៅអាមេរិក បានកើនឡើងយ៉ាងខ្លាំង ។ យោងតាមការស្ទង់មតិបានរកឃើញថា ចំនួនកុមារអន្តោប្រវេសន៍ ដែលបានចូលក្នុងសហរដ្ឋអាមេរិក ដោយគ្មានការមើលថែទាំពីឪពុកម្តាយ បានបំបែកកំណត់ត្រាថ្មី ហើយទីបំផុត ការងារដែលកុមារទាំងនេះបានធ្វើ គឺ បានល្មើសនឹងច្បាប់ពលកម្មកុមារ ។
ពលកម្មកុមារមាននៅពាសពេញ គ្រប់មុខរបរនៃរដ្ឋនានាទូទាំងសហរដ្ឋអាមេរិក ក្នុងនោះ ក៏បូករួមទាំងការងារអនាម័យ ដ៏មានហានិភ័យខ្ពស់នៅតាមទីសត្វឃាត និងរោងចក្រផលិតគ្រឿងបន្លាសរថយន្តផងដែរ ។
តាមការផ្សាយដំណឹងឱ្យដឹងថា នៅឆ្នាំ ២០២២ អនីតិជនគ្មានអាណាព្យាបាល ដែលបានចូលក្នុងសហរដ្ឋអាមេរិក មានចំនួនឡើងដល់ ១ សែន ៣ ម៉ឺននាក់ តួលេខនេះស្មើនឹង ៣ ដងនៃរយៈពេល ៥ ឆ្នាំមុន ហើយតាមការប៉ាន់ប្រមាណ នៅរដូវក្តៅឆ្នាំនេះ តួលេខនេះនឹងបន្តកើនឡើងថែមទៀត ។
យោងតាមស្ថិតិឱ្យដឹងថា លទ្ធភាពស្លាប់បាត់បង់ជីវិតរបស់កុមារ និងក្មេងជំទង់របស់អាមេរិក ដោយសាររងការបាញ់ប្រហារ ខ្ពស់ជាងតួលេខសរុបរបស់ប្រទេសចំណូលខ្ពស់ ៣១ ប្រទេស ចំនួន ១៥ ដង ហើយបើកគិតត្រឹមតែឆ្នាំ ២០២២ ក៏មានកុមារអាមេរិកចំនួនជាង ៦ ពាន់នាក់បានស្លាប់បាត់បង់ជីវិត ឬរងរបួសក្នុងករណីបាញ់ប្រហារផងដែរ ។ តាមការផ្សាយដំណឹងឱ្យដឹងទៀតថា ប្រព័ន្ធដែលបង្កើតឡើងក្នុងគោលបំណង ការពារកុមារនៅអាមេរិកដែលជា មហាអំណាចតែមួយគត់លើ ទូទាំងពិភពលោកបាន ត្រូវបំផ្លាញអស់ហើយ ។
សូមបញ្ជាក់ថា ទុក្ខវេទនារបស់កុមារគ្រាន់តែជាជ្រុងតូចមួយ នៃបញ្ហារំលោភសិទ្ធិមនុស្សជា ប្រព័ន្ធរបស់សហរដ្ឋអាមេរិកតែប៉ុណ្ណោះ ។ តាមទិន្នន័យបង្ហាញថា ជារៀងរាល់ឆ្នាំ ប្រជាជនដែលត្រូវជួញដូរពីបរទេស ទៅកាន់សហរដ្ឋអាមេរិកហើយត្រូវបង្ខំឱ្យ ធ្វើពលកម្មមានចំនួនច្រើនជាង ១ សែននាក់ ។ ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ រដ្ឋចំនួន ៥០ ទាំងអស់និងតំបន់ពិសេសកូឡុំប៊ី របស់សហរដ្ឋអាមេរិកសុទ្ធតែ បានរាយការណ៍ពីសំណុំរឿងបង្ខំឱ្យ ធ្វើពលកម្មនិងសំណុំរឿងជួញដូរមនុស្ស ។
តាមស្ថិតិនៃអង្គការពលកម្មអន្តរជាតិឱ្យដឹងថា ក្នុងចំណោមអនុសញ្ញាសំខាន់ៗចំនួន ៨ នៃអង្គការនេះ សហរដ្ឋអាមេរិកត្រឹមតែ បានអនុម័តអនុសញ្ញាចំនួនពីរ គឺជារដ្ឋសមាជិកដែល បានអនុម័តអនុសញ្ញាចំនួនតិចបំផុត ។ ក្រៅពីនេះ សហរដ្ឋអាមេរិកក៏ជារដ្ឋសមាជិក របស់អង្គការសហប្រជាជាតិតែមួយគត់ ដែលមិនបានអនុម័ត «អនុសញ្ញាស្តីពីសិទ្ធិ និងផលប្រយោជន៍របស់កុមារ» ផងដែរ ។ អាចនិយាយបានថា មិនថាសិទ្ធិរបស់ពលករ ឬក៏ការការពារកុមារក៏ដោយ ក៏សុទ្ធតែបានក្លាយជាអ្នកត្រូវពលីក្នុង “ករណីលើកលែងរបស់អាមេរិក” ។
គួររំលឹកថា អ្នកនយោបាយមួយចំនួន របស់សហរដ្ឋអាមេរិកតែងតែ និយាយបានតែមាត់ពី “ក្បួនច្បាប់” ហើយក៏បាននិងកំពុងប្រឌិតពាក្យកុហក ដើម្បីមួលបង្កាច់ប្រទេសផ្សេងទៀតថា “បង្ខំឱ្យធ្វើពលកម្ម” និង “រំលោភសិទ្ធិមនុស្ស” ជាដើម ។ ប៉ុន្តែតាមពិតទៅ ប្រទេសដែលមើលរំលងក្បួនច្បាប់អន្តរជាតិ និងរំលោភសិទ្ធិមនុស្ស នោះគឺ សហរដ្ឋអាមេរិកខ្លួនហ្នឹងឯង ។ នៅពេលដែលក្រុមកុមារលែងរំពឹងលើ “ក្តីសុបិនអាមេរិក”ទៀត តើរដ្ឋាភិបាលអាមេរិក មានទីសំអាងអីមកអួតអាងថាខ្លួនជា “ប៉មសិទ្ធិមនុស្ស” ?