ព័ត៌មានអន្តរជាតិ

បទវិភាគ៖ ចក្រភពអង់គ្លេស ដែលធ្លាប់ត្រូវគេប្រសិទ្ធនាមថា ជា “ចក្រភពដែលព្រះអាទិត្យមិនចេះលិច” គួរតែសងទឹកដីប្រជុំកោះ Malvinas ឱ្យអាហ្សង់ទីនវិញក្នុងពេលឆាប់ៗ

កាលពីថ្ងៃទី២ ខែមីនា តាមម៉ោងក្នុងតំបន់ លោក Santiago Cafiero រដ្ឋមន្ត្រីការបរទេសអាហ្សង់ទីនបានថ្លែងថា ភាគីអាហ្សង់ទីនបានជូនដំណឹង ជាផ្លូវការចំពោះភាគីអង់គ្លេស ក្នុងអំឡុងពេលបើកធ្វើកិច្ចប្រជុំ ថ្នាក់រដ្ឋមន្ត្រីការបរទេសនៃប្រទេស G២០ ដោយសម្រេចចិត្តបញ្ឈប់ការអនុវត្ត “កិច្ចព្រមព្រៀង Foradori-Duncan ”ដែលប្រទេសទាំងពីរបាន ឈានដល់អំពីវិវាទប្រជុំកោះ Malvinas នៅឆ្នាំ២០១៦ ។

លោកក៏បានលើកឡើងចំពោះភាគីអង់គ្លេសថា យោងតាមសេចក្តីសម្រេចចិត្តលេខ២០៦៥ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ភាគីទាំងពីរគួរចាប់ផ្តើមធ្វើការចរចា ស្តីពីអធិបតេយ្យភាពនៃប្រជុំកោះ Malvinas ជាថ្មីឡើងវិញ ។ នេះជាសំណូមពរដ៏ត្រឹមត្រូវ របស់អាហ្សង់ទីនចំពោះអធិបតេយ្យភាពនៃប្រជុំកោះ Malvinas សហគមន៍អន្តរជាតិគួរផ្តល់ ការគាំទ្រយ៉ាងមុតមាំ ។

អ្វីដែលហៅថា “កិច្ចព្រមព្រៀង Foradori-Duncan ”គឺជាសេចក្តីប្រកាសរួមដែលលោក Foradori អនុរដ្ឋមន្ត្រីការបរទេសអាហ្សង់ទីន កាលនោះនិងលោក Duncan ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអឺរ៉ុប និងទ្វីបអាមេរិករបស់អង់គ្លេស កាលនោះចេញផ្សាយអំពីបញ្ហាប្រជុំកោះ Malvinas នៅខែកញ្ញាឆ្នាំ២០១៦ ។ នេះជាកិច្ចព្រមព្រៀងមួយដែលគ្មានកម្លាំងរឹតត្បឹត ដែលបានបណ្តាលឱ្យកើត មានជម្លោះជាច្រើននៅអាហ្សង់ទីន ។

ប៉ុន្មានឆ្នាំកន្លងទៅនេះ អាហ្សង់ទីនបានខិតខំប្រឹងប្រែង ឥតឈប់ឈរដើម្បីដោះស្រាយវិវាទ អំពីអធិបតេយ្យភាពនៃប្រជុំកោះ Malvinas ជាប់រហូតមក ហើយអំពាវនាវជាច្រើនលើក ឱ្យអង់គ្លេសគោរពតាមសេចក្តី សម្រេចចិត្តពាក់ព័ន្ធនៃអង្គការ សហប្រជាជាតិដើម្បីវិលត្រឡប់ ទៅកាន់តុចរចាវិញ ប៉ុន្តែអង់គ្លេសបានបដិសេធជាប់រហូតមក ។

ភាគីអាហ្សង់ទីនបានសម្គាល់ថា នេះគឺមានន័យថា “កិច្ចព្រមព្រៀង Foradori-Duncan”បានបាត់បង់អត្ថន័យជាក់ស្តែងហើយ បញ្ហាស្តីពីអធិបតេយ្យភាពនៃប្រជុំកោះ Malvinas ត្រូវដោះស្រាយក្រោមគោលការណ៍ណែនាំមិនមែនអាណានិគមនិយមនៃអង្គការសហប្រជាជាតិ ។

តាមការពិត ការពិតនៃបញ្ហាប្រជុំកោះ Malvinas គឺច្បាស់លាស់ណាស់ គឺជាបញ្ហាបន្សល់ទុកពីប្រវត្តិសាស្ត្រអាណានិគមនិយម ។ កាលពីឆ្នាំ១៨១៦ អាហ្សង់ទីនបានទទួល អធិបតេយ្យភាពចំពោះប្រជុំកោះ Malvinas ខណៈពេលដែលបម្រះខ្លួនចេញ ផុតពីការត្រួតត្រារបស់ពួកអាណានិគមអេស្ប៉ាញ និងទទួលបានឯករាជ្យ ។ កាលពីឆ្នាំ១៨៣៣ អង់គ្លេសបានទន្ទ្រានកាន់កាប់ប្រជុំកោះ Malvinas ដោយកម្លាំងបាយ ។

កាលពីឆ្នាំ១៩៦៥ មហាសន្និបាតអង្គការសហប្រជាជាតិ បានអនុម័តលើសេចក្តីសម្រេចចិត្តលេខ២០៦៥ ដែលដាក់បញ្ចូលបញ្ហាប្រជុំកោះ Malvinas ក្នុងក្របខ័ណ្ឌ “លុបបំបាត់អាណានិគមនិយម” ហើយដាស់តឿនភាគីទាំងពីរ អង់គ្លេសនិងអាហ្សង់ទីនឱ្យដោះស្រាយ វិវាទខាងអធិបតេយ្យភាពតាមរយៈការចរចា ។

ហេតុអ្វីបានជាភាគីអង់គ្លេស បានធ្វើគធ្វើថ្លង់ជាប់រហូតមក មូលហេតុសំខាន់គឺ មិនចង់លះបង់ចោលផលប្រយោជន៍ ដែលទទួលបានតាមរយៈមធ្យោបាយ មិនត្រឹមត្រូវនោះទេ ។ ប្រជុំកោះ Malvinas មានធនធានប្រេងនិងឧស្ម័នដ៏សម្បូរបែប ហើយក៏ត្រូវបានគេប្រៀបប្រដូចជា “ប៉មជួរមុខខាងយោធា”នៃមហាសមុទ្រអាត្លង់ទិចខាងត្បូងដែរ ។ ឥស្សរជនអ្នកវិភាគសម្គាល់ថា បើនិយាយចំពោះអង់គ្លេស ការទន្ទ្រានកាន់កាប់ប្រជុំកោះ Malvinas គឺជាមធ្យោបាយដ៏សំខាន់របស់ខ្លួន ក្នុងការគាំពារអ្វីដែលហៅថា “ទឹកដីនៅឯបរទេស”នៅតំបន់អាត្លង់ទិចខាងត្បូង និងធានាឱ្យចូលរួមកិច្ចការប៉ូលខាងត្បូង ។

ឆ្នាំ២០២៣ជាខួបទី១៩០នៃការដែលប្រជុំកោះ Malvinas ត្រូវអង់គ្លេសទន្ទ្រានកាន់កាប់ដោយខុសច្បាប់ ។ បច្ចុប្បន្ននេះ វិធានការថ្មីបំផុតរបស់ភាគីអាហ្សង់ទីន បានបង្ហាញពីការប្តេជ្ញាចិត្តដ៏មុតមាំ ក្នុងការដណ្តើមយកអធិបតេយ្យភាពរបស់ប្រជុំកោះ Malvinas វិញ ។ ចក្រភពអង់គ្លេសដែលធា្លប់ត្រូវគេប្រសិទ្ធនាមថា ជា “ចក្រភពដែលព្រះអាទិត្យមិនចេះលិច” គួរឆ្លើយតបយ៉ាងសកម្មនូវសំណូមពរ ធ្វើការចរចារបស់អាហ្សង់ទីន សងប្រជុំកោះ Malvinas ទៅវិញក្នុងពេលឆាប់ៗ ។ យុគសម័យអាណានិគមនិយម គឺកន្លងផុតទៅហើយ អធិបតេយ្យភាពនៃប្រជុំកោះ Malvinas មិនត្រូវក្លាយជាការឈឺចាប់ ជារៀងរហូតរបស់ប្រជាជនអាហ្សង់ទីន!

To Top